កម្ពុជា និងព្រុយណេ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតព្រុយណេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាព ជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន។

បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហការ លើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហាររូបករណ៍កម្រិតបច្ចេកទេសវិជ្ជាជីវៈដល់សិស្សកម្ពុជា និងកិច្ចសហការតាមរយៈកម្មវិធីផ្លាស់ប្តូរ និស្សិតទៅវិញ-ទៅមក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាល ឆ្លាស់រវាងស្ថាប័នជំនាញរបស់ប្រ៊ុយណេ និងកម្ពុជាដើម្បីជំរុញ និងពង្រឹងសមត្ថភាពសិស្សបច្ចេកទេស នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលប្រ៊ុយណេដែលតែងតែផ្តល់កិច្ចសហការលើគ្រប់វិស័យជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឋានៈជាមិត្តល្អ ក្នុងតំបន់អាស៊ាន ៕
ដោយ:វណ្ណលុក

