ម៉ាស៊ីនអ៊ិចសារ៉េជំនួយជប៉ុននឹងជួយដល់សុវត្ថិភាពនិងការទប់ស្កាត់ទំនិញល្មើសច្បាប់ចូលតាមច្រកព្រំដែន

បន្ទាយមានជ័យ ៖ម៉ាស៊ីនអ៊ិចសារ៉េ ចំនួនពីរគ្រឿង ជាអំណោយរបស់ ប្រទេស ជប៉ុន ត្រូវបានប្រគល់ជូនដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពិធីប្រគល់និងទទួលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅមាត់ច្រក ទ្វារ ព្រំដែន អន្ដរជាតិប៉ោយប៉ែត ក្រោមការចូលរួមលោក ស៊ីណូហារ៉ា ហ៊ីដេគី(SHINOHARA HIDEKI ) ប្រធាន ប្រតិបត្តិការស៊ើបអង្កេត អន្តរជាតិនៃនាយកដ្ឋានឧក្រិដ្ឋកម្មអគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌនៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និង លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្តីទីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ក្នុងឱកាសនេះលោក ស៊ីណូហារ៉ា ហ៊ីដេគី សង្ឃឹមថា ម៉ាស៊ីនអ៊ិចសារ៉េ ទាំងពីរគ្រឿងនេះ នឹងជួយដល់កម្ពុជាបានយ៉ាងច្រើន ក្នុងការទប់ស្កាត់ នូវបទល្មើសនានា ដូចជា ការជួញដូរអាវុធ ការចរាចរគ្រឿងញៀន និងរូបិយបណ្ណឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។

ចំណែកលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្តីទី ក្នុងនាម ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារ ព្រំដែនអន្ដរជាតិប៉ោយប៉ែតបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងគាំទ្រនិងជួយដល់ កម្ពុជាជាច្រើន វិស័យ។ពិសេសជំនួយនាពេលនេះមានសារៈសំខាន់ ណាស់ដល់កិច្ចការ ត្រួតពិនិត្យច្រកព្រំដែន៕
ដោយ៖ឃិន គន្ធា

ads banner