តំបន់ទេសចរណ៍ពាងបុរាណ និងមឈូសបុរាណដ៏អាថ៌កំបាំង នៅជីផាត កំពុង ទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ
(ខេត្តកោះកុង)៖ តំបន់ពាង និង មឈូសបុរាណ ដែលបង្កប់នូវជំនឿ និងទំនៀមទម្លាប់របស់ជនជាតិជងបុរាណស្ថិតនៅក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ទីអាថ៌កំបាំងកន្លែងនេះត្រូវបានគេជឿថាជាកន្លែងបញ្ចុះសពមនុស្សសម័យបុរាណកាលពី៥០០ឆ្នាំមុន។
តំបន់ពាង និង មឈូសបុរាណ មានចម្ងាយ ២៤គីឡូម៉ែត្រពីភូមិជីផាត និងជាភូមិចំការ ។ វាត្រូវចំណាយពេលប្រមាណចាប់ពី៥ទៅ៧ ម៉ោងដើម្បីទៅកាន់ទីនោះ។ នៅតាមផ្លូវគេត្រូវឆ្លងកាត់ទឹកចំនួន ៧កន្លែងដែលអាចពិបាកក្នុងរដូវវស្សា ។ បច្ចុប្បន្នទីកន្លែងមួយនេះក្រៅពីអ្នកទេសចរតែងប្រាថ្នាចង់ឃើញហើយ នៅជាកន្លែងគោរពបូជា និងបន់ស្រន់មួយកន្លែងរបស់អ្នកស្រុកទៀតផង។
លោក អនសុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៤នេះថា៖ តំបន់ពាង និង មឈូសបុរាណ ដែលបង្កប់ទៅដោយជំនឿនេះត្រូវបានប្រជាសហគមន៍ស្ថាបនាផ្លូវរួចរាល់ដែលគេអាចធ្វើដំណើរតាម ម៉ូតូ កង់ និងដើរ មានភាពងាយស្រួលជាងមុន ។
លោកថាក្រោយស្ថាបនាផ្លូវរួចមានភ្ញៀវទេសចរបានទៅកម្សាន្តទីកន្លែងនេះកាន់តែច្រើនជាងមុនដោយក្នុងនេះភាគច្រើនជាភ្ញៀវទេសចរ បរទេស ។ ការស្ថាបនាផ្លូវនេះដែរ គឺសហគមន៍ចង់ឱ្យ ភ្ញៀវទេសចរ អាចធ្វើដំណើរបានងាយស្រួលជាងមុនទាំងម៉ូតូ កង់ ឬថ្មើជើងជាដើម។សម្រាប់រថយន្តឬគោយន្តមិនអាចធ្វើដំណើរបានឡើយ ដោយសារតែផ្លូវតូចង្អៀត ប្រកបដោយការឡើងចុះ និងកាត់ទឹកច្រើនកន្លែងផង ។
លោកថា ទីកន្លែងនេះ គឺជាទីដ៏អាថ៌កំបាំងបំផុត ហើយគ្មានអ្នកណាម្នាក់អាចដឹងពី ការពិតរបស់វានោះទេ ហេតុនេះទើបធ្វើឱ្យអ្នកទេសចរភាគច្រើនចង់ស្គាល់ និង ចង់ឃើញដោយផ្ទាល់ភ្នែក។វានឹងទទួលអារម្មណ៍ផ្លូវកាលបើអ្នកទេសចរស បានមកដល់ទីកន្លែងនេះ ពីព្រោះថា វាមិនត្រឹមផ្តល់ភាពរីករាយតាមរយៈព្រៃភ្នំដ៏ស្រស់ត្រកាលដែលមានទឹកជ្រោះ ដើមឈើ សត្វព្រៃស្រែកខ្ញៀវខ្ជារ នោះទេ នៅពេលដល់ទីកន្លែងអាថ៌កំបាំងនេះពួកគេនឹងបានឃើញដោយផ្ទាល់នូវវត្តុអាថ៌កំបាំងរបស់មនុស្សបុរាណពិសេសជនជាតិជងនេះថែមទៀត ។ ពេលនេះទាំងប្រជាសហគមន៍ ក៏ដូចជាអ្នកទេសចរ ដែលទៅដល់ទីកន្លែងនេះ តែងនាំគ្នាបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ។
ទាក់ទិនទៅនឹងប្រវត្តិ នៃតំបន់ ពាង និងមឈូសបុរាណនេះដែរ ត្រូវបាន លោក អន សុវណ្ណ រៀបរាប់ប្រាប់ថា”តំបន់ទេសចរមួយកន្លែងនេះសម័យដើមឡើយ ជនជាតិដើមភាគតិចជងដែលមានអាយុកាលមិនទាបជាង៥០០ឆ្នាំទេ ។ ក្នុងសម័យកាលនោះកុលសម្ព័ន្ធជនជាតិភាគតិចជងដែលរស់នៅដាច់ពីមនុស្សពិភពខាងក្រៅ បានទុកដាក់របស់ជាទីសក្ការៈរបស់ពួកគាត់ ។ របស់ទាំងអស់នេះប្រហែលជារបស់មេកុលសម្ព័ន្ធដែលពួកគាត់ទុកដាក់សម្រាប់ជាទីកន្លែងទីសក្ការៈគោរពបូជា និងវាក៏ជាទីតាំងមួយសក្តិសិទ្ធសម្រាប់ពួកគាត់បន់ស្រន់ផងដែរ។
បើតាមលោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងដែរថា សហគមន៍អេកូទេសចរណ៍ជីផាត មានទីកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា៖តំបន់ពាង៧០ឬភ្នំពើង ,មឈូសបុរាណ, តំបន់ពាងបុរាណ និងមឈូសបុរាណភ្នំពេល, តំបន់ពាងបុរាណអូរកី, តំបន់ពាមតាខាត់, អូរស្ពាត, ភ្នំត្រង៉ោល, ឆាយអូសគូទ, វាលប្រាក់, ឆាយទឹកវេទ, ស្ទឹងព្រ័ត, ថ្មអណ្តែត, ដំណាក់ខូស, អូរពាមក្រវ៉ាញ ជាដើម ។
គួរបញ្ជាក់ថា ៖ ក្នុងឆ្នាំ ២០០៨ ក្រុមបុរាណវិទ្យាមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមកធ្វើទស្សនកិច្ចសិក្សា ដែលពួកគេសន្និដ្ឋានថា មឈូស ពាង និងឆ្អឹងមានអាយុកាលប្រហែល ៥០០ឆ្នាំ ។ ពាងខ្លះត្រូវបាននាំចូលពីប្រទេសចិន ប៉ុន្តែពាងខ្លះផលិតនៅក្នុងប្រទេសកម្ពុជា ៕
ដោយ ៖ ម៉ាដេប៉ូ