ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ត្រូវអនុវត្តនឱ្យបានម៉ឺងម៉ាត់បំផុតមិនត្រូវបន្ធូរដៃជាដាច់ ខាតចំពោះបទល្មើសគ្រឿងញៀន
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និង មន្ត្រី យុត្តិធម៌ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមេក្លោងគ្រឿងញៀន គឺមិនត្រូវ អង្គុយ បក់ផ្សែងទៀតទេ ប៉ុន្តែ ត្រូវនាំគ្នាពន្លត់ភ្លើងតែម្តង។ការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្តថា៖ «វិធានការណ៍ចំនួន៣ ដែលត្រូវ អនុវត្តន៍ជានៅក្នុងវិស័យយុត្តិធម៌របស់យើង ដែលត្រូវវះកាត់ វិធានការណ៍ទី១៖ ទាក់ទងសំណុំរឿងគ្រឿងញៀន។ រឿងគ្រឿងញៀន គឺជាវិធានការណ៍គន្លឹះទី៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់វិស័យយុត្តិធម៌របស់យើងត្រូវច្បាស់ លាស់ជាមួយគ្នា លើរឿងនេះ យើងអត់អង្គុយបក់ផ្សែងទៀតទេ គឺយើង ពន្លត់ ភ្លើងតែម្តងក្នុងវិស័យយុត្តិធម៌»។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ ៤ចំណុចដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ រួមមានទី១៖ តម្លាភាព, ទី២៖ ភាពម៉ឺងម៉ាត់, ទី៣៖ ភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងទី៤៖ សុំឱ្យអង្គចៅក្រម ក្នុងវិស័យយុត្តិធម៌ ត្រូវមានការទទួលខុសត្រូវចំពោះមុខប្រជាជនកម្ពុជា ខណៈសភាពការណ៍ គ្រឿង ញៀនប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រជាជនយើង។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឱ្យដឹងថា សម្រាប់សំណុំរឿងគ្រឿងញៀន បច្ចុប្បន្ន គឺតំណាងឱ្យសំណុំ៦០ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌទាំងអស់ អ្នកជាកប់ឃុំ ក្នុងពន្ធនាគារជាង ៥០ភាគរយ។ ដូច្នេះឧក្រិដ្ឋកម្មនៅកម្ពុជា វាគ្របដណ្តប់ដោយ គ្រឿងញៀន ព្រោះលើសពី៥០ភាគរយ។ បញ្ហាសន្តិសុខ វាស្មុគស្មាញម្យ៉ាង ប៉ុន្តែ បញ្ហាធំទី២ គឺរឿងធនធានមនុស្សរបស់កម្ពុជា ប៉ុន្មាននាក់ដែលត្រូវបាត់បង់ដោយ សារគ្រឿងញៀន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ខុសច្បាប់ លើកទី៩ រយៈពេលមួយឆ្នាំ២០២៤ ពោលចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
យោងតាមលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើក កន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់ បាន បើក ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៥៥,៣០៥ករណី ឃាត់ខ្លួន ជន សង្ស័យ ១២០,៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ ២៧,៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០,០០៥គីឡូក្រាម រួមទាំង មធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំង ចំនួន ៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្តាញ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ ង៉ាន់ ទិត្យ