វត្តអារាមក៏ជាផលិតផលទេសចរណ៍មួយដែរ ក្រៅពីទស្សនា ប្រាសាទ

ភ្នំពេញ៖នៅខេត្តសៀមរាបនាពេលបច្ចុប្បន្នមានភ្ញៀវបរទេសជាច្រើន បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាម បន្ទាប់ ពីការ ទស្សនា ប្រាង្គប្រាសាទបុរាណ។ វត្តមួយចំនួនក៏បានក្លាយទៅ ជា ផលិតផល ទេសចរណ៍ផងដែរ ។

កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ វត្តបារាយណ៍ មហា នទីរតនារាម ហៅវត្ត ស្វាយរមៀត មានភ្ញៀវបរទេសមួយក្រុម ចំនួន ៣៧នាក់បានមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា និងបាន ប្រគេននៅទេយ្យទានមួយចំនួនដល់ព្រះសង្ឃ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុង សៀមរាបមានថេរដីកាថា ទេសចរវត្តអារាមជាផលិតផល ទេសចរណ៍ មួយដែលភ្ញៀវទេសចរបរទេស មានការចាប់អារម្មណ៍ ខ្លាំងក្រៅពី ប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។ ក្រោយពី ទស្សនា ប្រាសាទអង្គរវត្ត និងប្រាសាទបុរាណ ផ្សេងៗទៀតអ្នកទេសចរទាំងនោះ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិតាមវត្តនានារបស់ប្រជាពលរដ្ឋយើង។ ខណៈបច្ចុប្បន្ន មានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ ដ៏ទាក់ ទាញ។

ព្រះតេជគុណមានថេរដីកាបន្តថា នៅវត្តស្វាយរមៀត ជាទូទៅមានភ្ញៀវ បទេស មកទស្សនាមិនដែលដាច់ទេ ។ មានទេសចរ បរទេស មក ទស្សនា វត្តស្វាយរមៀត ចន្លោះ ចាប់ពី១៥០ទៅ២០០នាក់ក្នុងមួយខែៗ ។ភ្ញៀវទេសចរបរទេសទាំងនោះ ពួកគាត់តែងតែ ឱ្យ ព្រះសង្ឃប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿនិងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរ ដែល កត្តាទាំងនេះកំពុងតែបង្ហាញថា វិស័យ ទេសចរណ៍វត្តអារាម ក៏មានភាព ទាក់ទាញខ្លាំងផងដែរ។

សូមជម្រាបថា វត្តបារាយណ៍មហា នទីរតនារាម ហៅ វត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ អារាមមួយនេះ ត្រូវបានកំណត់ជាវត្តទេសចរណ៍ ដែលមានអនាម័យល្អ និងបរិស្ថាន បៃតងស្រស់បំព្រង អមដោយបារាយណ៍ទឹកថ្លា គួរជាទីគយគន់។ ទេសចរ បានកោតសរសើរចំពោះការរៀបចំបរិស្ថាននៅទីនោះ ដែលធ្វើ ឱ្យមានបរិស្ថានបៃតង និងមានអនាម័យ ខ្ពស់៕
អត្ថបទ៖ ស៊ាន សុផាត

ads banner