កម្ពុជា អ៊ីស្រាអែល រួមគ្នា ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយ តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យានវានុវត្តន៍

(ភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកជំទាវ អរណា សាហ្គីវ ( Orna Sagiv ) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន បានជួបពិភាក្សាគ្នា ផ្តោតជាសំខាន់លើការពង្រឹងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា អ៊ីស្រាអែល លើវិស័យព័ត៌មាន ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យានវានុវត្តន៍ រួមទាំងការបណ្តុះបណ្តាលលើជំនាញព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងនូវចំណុចការងារសំខាន់ៗដែលក្រសួងព័ត៌មាន ត្រូវធ្វើការពង្រឹងគឺប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន៖ ក្រសួងមានបំណងដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលជាតិ ដោយផ្តល់ការអប់រំដល់អ្នកជំនាញសារព័ត៌មាន មន្ត្រីរាជការ និងយុវជន តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្ទាល់មាត់នៅក្នុងស្ថាប័នសារព័ត៌មានជាតិ និងស្ថាប័នទំនាក់ទំនងសាធារណៈ ។

ចំពោះការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្រសួងបានស្នើ ឱ្យចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រ ជាមួយនឹងលទ្ធភាពនៃការផ្តួចផ្តើមគំនិតរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។

ដោយឡែកការងារទាក់ទងការផ្សាយតាមប្រព័ន្ធឌីជីថល ក្រសួងបានដាក់ចេញផែនការណ៍ គោលដៅសម្រេចអោយបាននូវការផ្លាស់ប្តូរការផ្សាយ ពីប្រពន្ធ័អាន់ណាឡូក ទៅប្រពន្ធ័ ឌីជីថល ទូទាំងប្រទេសនៅឆ្នាំ ២០២៥ ដែលកិច្ចការងារនេះ ក្រសួងបាននឹងកំពុងស្វែងរកកិច្ចសហការលើភាពជឿនលឿននៃបច្ចេកវិទ្យា ការបង្កើតខ្លឹមសារ និងការអនុវត្តល្អបំផុតក្នុងការផ្សាយតាម ឌីជីថល ។
លោកជំទាវ អរណា សាហ្គីវ បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ អ៊ីស្រាអែល និង កម្ពុជា អោយបានល្អសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner