នាវាទេសចរណ៍ Westerdam ចូលចតក្នុងកំពង់ផែព្រះសីហនុសាជាថ្មី (Video Inside)

នាវាទេសចរណ៍ Westerdam ដែលមានអនុស្សាវរីយ៍ល្អមិនអាចបំភ្លេចបានជាមួយនឹងកម្ពុជា បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្ដងទៀត ក្នុងក្រុងព្រះសីហនុ។

ការចូលចតនាព្រឹកថ្ងៃទី២៥មករា ជាមួយនឹងភ្ញៀវទេសចរ ចំនួន ១ពាន់ ៨៧៣នាក់ មានរយៈតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងបន្តដំណើរទៅកាន់ប្រទេសថៃថែមទៀត។ ភ្ញៀវទេសចរបរទេសដែលស្ថិតនៅលើកប៉ាល់មានចំនួន ៤៣សញ្ជាតិ។

ក្នុងដំណើរចូលចតលើកនេះ កប៉ាល់ Westerdam បានដាក់ភ្ញៀវធ្វើដំណើរទៅកាន់ខេត្តសៀមរាប មានចំនួន ៥៩នាក់ ក្នុងនោះស្រី ២៨នាក់ មកពីចំនួន ៤ប្រទេស។

ភ្ញៀវបរទេសដទៃទៀត ត្រូវគេឃើញបានធ្វើដំណើរទស្សនកិច្ច នៅតាមទីប្រជុំជននានា ក្នុងក្រុងព្រះសីហនុ ដូចជានៅក្នុងទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ ក្នុងខេត្ត ដូចជា៖ វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ, តំបន់នេសាទទំនប់រលក និងតាមតំបន់ឆ្នេរ សមុទ្រជាដើម។

គួររំលឹកថាកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០, នាវាទេសចរណ៍ Westerdam ដែលផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ២ពាន់ ២៥៧នាក់ ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលមកសំចត ក្នុងកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីកប៉ាល់សញ្ជាតិហូឡង់នេះ ត្រូវបានប្រទេសនានា ក្នុងតំបន់ បានរារាំងមិនឱ្យចូលចតក្នុងកំពង់ផែផ្សេងៗ របស់គេឡើយ ដោយសារតែការខ្លាចឆ្លងនឹងជម្ងឺរាតត្បាត កូវីដ១៩។

នាវា Westerdam ដែលបានស្ថិតលើកណ្តាលផ្ទៃសមុទ្ទ រយៈពេល ១២ថ្ងៃមកនោះ ទីបំផុតត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក្នុងពេលនោះ បានអនុញ្ញាតឱ្យចូលចតក្នុងកំពង់ផែកម្ពុជា និងសម្តេចតេជោថែមទាំងបានធ្វើដំណើរទៅទទួលអ្នកទេសចរបរទេសទាំងនោះ ដោយខ្លួនឯងថែមទៀត ដែលបង្ហាញនូវភាពមិនរើសអើង ចំពោះការឆ្លងនឹងជម្ងឺរាតត្បាតឡើយនាពេលនោះ។

ads banner