ប្រកាសទទួលស្គាល់កែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តសៀមរាប

សៀមរាប៖ កាលពីរសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបមានការរៀបចំពិធីប្រកាស ទទួលស្គាល់ជាកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកសាខាសម្ព័ន្ធ យុវជន ស្រឡាញ់សន្តិភាពរាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងយុវជន យុវតីសមាជិកសមាជិកា យុវជន ស្រឡាញ់ សន្តិភាព ចំនួន ៣៥០នាក់។

លោក អ៊ឹង គឹមលាង ក្នុងនាមតំណាងឱ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ន ជាកម្លាំងចលករ ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស។ អ្នកថែរក្សាការពារសន្តិភាព ។ក្នុងនោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប បានចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម ទាំងការងារស្ម័គ្រចិត្ត និងមនុស្សធម៌ ហើយទទួលបានការគាំទ្រយ៉ាងពេញ ទំហឹង ពីមហាជនទៀតផង ។ លោក បានបន្តថា ការចូលរួម ការងារ សង្គមរបស់យុវជន (ស.យ.ស.ស) សាខាខេត្តសៀមរាប នាពេលកន្លងមក និងកំពុងបន្តធ្វើនាពេលបច្ចុប្បន្ននេះ បាន បង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាសាមគ្គី ក្នុងបុព្វហេតុជាតិ ក្នុងការទទួលខុសត្រូវ ក្នុងនាមជាប្រជាជាតិតែមួយ ដើមី្បអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យសម្រេចបានជោគជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធាន ប្រតិបត្តិ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ថ្នាក់កណ្តាល មាន ប្រសាសន៍ថា ដើម្បីចូលរួមថែរក្សាសន្តិភាព និង ការអភិវឌ្ឍ សង្គមឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព បងប្អូនយុវជន យុវតីទាំងអស់ គឺត្រូវចេះប្រើនូវយុទ្ធវិធីត្រឹមត្រូវ តែបើខ្វះការ ចាត់តាំង និងការអនុវត្តឱ្យបានត្រឹមត្រូវ ដោយខ្វះតួអង្គពាក់ព័ន្ធ ចូលរួមនោះទេ លទ្ធផលគឺស្មើនឹងសូន្យ ៕

ដោយ ៖ស៊ាន សុផាត

ads banner