បាក់រលំអណ្តូងរ៉ែមាស ស្លាប់មនុស្សជាង ៧០នាក់ នៅប្រទេសម៉ាលី

បាម៉ាកូ៖ មានមនុស្សជាង៧០នាក់បានស្លាប់ ក្នុងហេតុការណ៍ដួលរលំអណ្តូងរ៉ែមាសមួយកន្លែង នៅក្នុងប្រទេសម៉ាលី។ ម៉ាលី ដែលស្គាល់ថា ជាប្រទេសដែលក្របំផុតមួយ នៅក្នុងពិភពលោក។

ប្រភពក្នុងតំបន់បានប្រាប់ AFP កាលពីថ្ងៃពុធថា រូងក្រោមដីបានដួលរំលំ នៅកន្លែងជីករ៉ែមាស ក្នុងប្រទេសម៉ាលី ហើយវាត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយចុងក្រោយបង្អស់ នៅក្នុងតំបន់ដែលងាយនឹងមានគ្រោះថ្នាក់ ក្នុងពេលជីកយករ៉ែ។ ម៉ាលី ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត របស់ពិភពលោក ត្រូវបានគេដឹងថា ជាប្រទេសផលិតមាសឈានមុខគេមួយ ក្នុងទ្វីបអាហ្វ្រិក។

ទីតាំងជីកយករ៉ែមាសតែងតែជាកន្លែងកើតហេតុ បាក់ដីគួរឲ្យរន្ធត់ ហើយអាជ្ញាធរបានប្រឹងប្រែងក្នុងការគ្រប់គ្រងស្ថានការណ៍ ដោយគេដឹងថា ជាការជីកយករ៉ែលោហធាតុ ដ៏មានតម្លៃ។

លោក Oumar Sidibe មន្ត្រីទទួលបន្ទុកកម្មកររ៉ែមាស នៅភាគនិរតី នៃទីក្រុង Kangaba បានប្រាប់ AFP ដោយរៀបរាប់ថា «ពេលបាក់រំលំ ចាប់ផ្តើមមានសម្លេងរំខាន ហើយ នៅលើដីបានចាប់ផ្តើមញ័រ»។ ដោយគេដឹងថា ឧបទ្ទវហេតុមួយនេះបានកើតឡើង កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

លោកបានបន្តថា ក្នុងពេលនោះ មានអ្នកជីករ៉ែមាស ជាង២០០នាក់ ប៉ុន្តែ រកឃើញសាកសព បានចំនួន៧៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ខណៈដែលប្រតិបត្តិការរុករកត្រូវបានបញ្ចប់ ដោយមិនបង្ហាញតួលេខអ្នកបាត់ខ្លួននោះទេ។

រីឯ ក្រសួងរ៉ែរបស់ប្រទេសម៉ាលី តាមរយៈនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ បានប្រកាសពីការស្លាប់របស់កម្មកររ៉ែជាច្រើននាក់ ប៉ុន្តែមិនបានផ្តល់តួលេខច្បាស់លាស់នោះទេ។ រដ្ឋាភិបាលបានផ្តល់ការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារសព ហើយបានអំពាវនាវដល់សហគមន៍ដែលរស់នៅក្បែរកន្លែងជីកយករ៉ែ និងអ្នករុករករ៉ែមាស គោរពតាមតម្រូវការសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រទេសម៉ាលីផលិតមាសបានចំនួន៧២.២ តោន ក្នុងឆ្នាំ ២០២២ ហើយលោហៈធាតុមួយនេះបានចូលរួមចំណែក ២៥ ភាគរយ នៃថវិកាជាតិសរុប និងចូលរួមចំណែក ៧៥ ភាគរយ នៃប្រាក់ចំណូលសរុបពីការនាំចេញ ព្រមទាំង មាន១០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហៅកាត់ GDP នេះបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ លោក Lamine Seydou Traore និយាយ កាលពីខែមីនា ឆ្នាំ២០២៣។

ប្រទេសម៉ាលីត្រូវបានពួកយោធាកាន់កាប់ តាំងពីឆ្នាំ ២០២០។ មេដឹកនាំរបបសឹក នៅក្នុងប្រទេសនេះបានសន្យាថា នឹងស្តារអធិបតេយ្យភាពឡើងវិញ ហើយធ្វើឱ្យប្រទេសនេះ ទទួលបានផលប្រយោជន៍ ពីទ្រព្យសម្បត្តិធម្មជាតិរបស់ខ្លួន។ យ៉ាងណាមិញ អាជ្ញាធរកម្ររាយការណ៍អំពីគ្រោះថ្នាក់នៃការជីករ៉ែណាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner