គ្រួសារកុមារី ដែលយកសំបកការុងធ្វើជាកាបូបស្ពាយទៅរៀន បានទទួលផ្ទះថ្មីមួយខ្នង
បាត់ដំបង៖ផ្ទះថ្មីមួយខ្នងមានទំហំ៤,៤០ម៉ែត្រគុណ៦ម៉ែត្រ, ជញ្ជាំងស៊ីម៉ង់តិ៍,ក្រាលឥដ្ឋការ៉ូ,ដំបូលប្រក់សង្ក័សី,មានបន្ទប់ទឹកព្រមទាំងតសំយាបខាងមុខត្រូវបានប្រគល់ជូនដល់គ្រួសារកុមារីដែលមានជីវភាពខ្វះខាតនិងម្តាយមានជំងឺប្រចាំកាយរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ជាមួយ គ្នានេះក៏បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះ ចំនួន៥០គ្រួសារផ្សេងទៀតនៅទីនោះផងដែរ។
កុមារីដែលបានទទួលផ្ទះឈ្មោះ អ៊ីម ស៊ីឃាង អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧។ជាកូនលោកចក់ អ៊ីម ។គ្រួសារនេះមាន ជីវភាព លំបាកដោយម្ដាយមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ។ដោយជីវភាពលំបាក កុមារី ស៊ីឃាង បានយកសម្បកការុង ធ្វើជាកាបូបដាក់សៀវភៅទៅរៀន។មើលឃើញការលំបាកនេះ តាមរយៈកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយជាផ្ទះ ដែលមានតម្លៃ៥ ៥៥០ ដុល្លារសម្រាប់ ឱ្យគ្រួសារកុមារី ដ៏ កម្សត់បានរស់នៅនិងកសាងជីវភាពឱ្យបានល្អប្រសើរឡើង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការី បានអញ្ជើញប្រគល់ផ្ទះថ្មីកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកអាណិត អាសូរចំពោះកុមារី អ៊ីម ស៊ីឃាង។ ឯកឧត្តមបន្តថាបន្ទាប់ ពី សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឃើញ លំបាក របស់ក្មួយស្រីខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានក្តី អាណិតអាសូរជា ពន់ពេកនិងបានចាត់ឱ្យក្រុមការងារកាក បាទក្រហមខេត្តចុះភ្លាមៗជាបន្តបន្ទាប់ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនិងដើម្បី ជួយសម្រាលដល់ការលំបាក ក្នុង ជីវភាព និងបានពិនិត្យលទ្ធភាពសាងសង់ផ្ទះមួយខ្នងនេះនិងនាំយកម្តាយរបស់ក្មួយស្រីទៅព្យាបាលនៅមន្ទីរពេទ្យ មួយរយៈហើយ ពេលនេះសុខភាពរបស់ម្តាយក៏បានធូរស្បើ យនិងមាន សុខភាពល្អប្រសើរជាងមុនផងដែរ។
ឯកឧត្តមក៏បានកោតសរសើចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សាបើទោះបីជីវភាពគ្រួសាររបស់ខ្លួនខ្វះខាតយ៉ាងណាក៏ដោយ។ឯកឧត្តមចូលរួមត្រេកអរចំពោះគ្រួសារកុមារី ដែលទទួលបានការសន្តោសប្រណីទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោន។ ជាពិសេសអបអរសាទរ ចំពោះ ម្តាយកុមារី អ៊ីម ស៊ីឃាង ដែលបានធូស្បើយពីជំងឺនិង ត្រូវបន្ត ខិតខំថែរក្សានូវសុខភាពឱ្យបានល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ លោក ចក់ អ៊ីម ដែលត្រូវជាឪពុក បាន ថ្លែងអំណរគុណដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដែលបានជួយនាំប្រពន្ធរបស់លោក ទៅព្យាបាល និងជួយឧបត្ថម្ភកូនៗ ឱ្យបានបន្តការរៀនសូត្រ។ ជាពិសេស ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានមេត្តាករុណាផ្តល់ជម្រកដ៏កកក់ក្តៅដល់គ្រួសាររបស់លោកបានរស់នៅ។
នៅក្នុងឱកាសនោះសាខាកាកបាទក្រហមខេត្តបាត់ដំបង ក៏បានផ្តល់ជូននូវអំណោយ”សង្កត់ផ្ទះ”រួមមាន អង្ករ, មី,ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ, ឈុតគ្រឿងចានឆ្នាំង និងថវិកាមួយចំនួន ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)