កសិករបារាំងកំពុងដាក់សម្ពាធលើរដ្ឋាភិបាល តាមរយៈបាតុកម្មបិទផ្លូវ
ប៉ារីស៖ រដ្ឋាភិបាលបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការតវ៉ាបិទផ្លូវហាយវេ របស់កសិករ។ ជាការធ្វើបាតុកម្មនៅទូទាំងប្រទេស ក្រោយពេលមានការដំឡើងពន្ធប្រេង ដែលបានបញ្ឆេះកំហឹង ជាយូរយារមកហើយ។
នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសបារាំង លោក Gabriel Attal បានកោះហៅរដ្ឋមន្ត្រីសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម ប្រជុំស្វែងរកដំណោះស្រាយ ចំពោះការប្រឈមមុខនឹងវិបត្តិ ជាលើកដំបូងរបស់លោក ហើយបានសម្រេចចិត្តលើវិធានការផ្តល់ជំនួយ ដើម្បីទប់ស្កាត់ការបិទផ្លូវ ដែលអាចនាំឲ្យមានបិទរដ្ឋធានីប៉ារីស។
លោក Attal នឹងបង្កើត «សំណើជាក់ស្តែង» ដើម្បីជួយកសិករ នៅថ្ងៃសុក្រ នេះបើតាម ការិយាល័យរបស់រដ្ឋមន្ត្រីកសិកម្ម លោក Marc Fesneau បានអះអាង បន្ទាប់ពីកិច្ចពិភាក្សា។
សហជីព FNSEA បាននិយាយថា កសិករបានបិទផ្លូវ ចំនួន៧៧ កន្លែង នៅជុំវិញប្រទេសបារាំង។ រីឯក្រុមរបស់ពួកគេ ប្រចាំតំបន់ប៉ារីស និង កសិករវ័យក្មេង ដែលហៅកាត់ថា JA បានអំពាវនាវឱ្យមានការបិទទីក្រុងប៉ារីសតែម្តង។
ត្រាក់ទ័ររាប់រយគ្រឿងបានបើកឆ្លងកាត់ទីក្រុង Rennes និង Nantes នៅភាគខាងលិចនៃប្រទេសបារាំង ដោយបានបន្លឺស៊ីផ្លេ លឺៗ និងសម្លេងរំខានខ្លាំងផ្សេងទៀត ព្រមទាំងមានការបំផ្ទុះគ្រាប់បែកផ្សែង និងចាក់ចោល នូវសំណល់កសិកម្មរួមនឹងសម្ភារផ្សេងៗទៀត ព្រមទាំង មានកង់ត្រាក់ទ័រ នៅលើផ្លូវទៀតផង។
ថ្មីៗនេះ រដ្ឋាភិបាលបារាំងបានសម្រេចចិត្តលុបចោលការដកពន្ធលើប្រេងម៉ាស៊ូត សម្រាប់ម៉ាស៊ីនកសិកម្ម នៅឆ្នាំ ២០៣០ ។
ក៏ប៉ុន្តែ ការបញ្ចុះតម្លៃពន្ធលើប្រេងម៉ាស៊ូតថ្មីអាចជាវិធានការមួយរបស់រដ្ឋាភិបាល នាពេលខាងមុខ ខណៈដែលសមាជិកសភាមួយចំនួនក៏ចង់បានតម្លៃអប្បបរមា ដែលត្រូវបានណែនាំ សម្រាប់កសិផលផងដែរ។
សហជីព FNSEA ដ៏មានឥទ្ធិពលបានទាមទារ “ចម្លើយភ្លាមៗ អំពីប្រាក់ឈ្នួល”, ជំនួយជាបន្ទាន់ក្នុងរយៈពេលវែង សម្រាប់វិស័យកសិម្មដែលរងគ្រោះខ្លាំងបំផុតដោយវិបត្តិ ព្រមទាំង ផែនការកាត់បន្ថយបទប្បញ្ញត្តិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត