រយៈពេល ២០ឆ្នាំ KOICA បានចូលរួមជួយអភិវឌ្ឍន៍កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦៦,៥ លានដុល្លារអាមេរិក
(ភ្នំពេញ)៖ ចាប់តាំងពីការបង្កើតការិយាល័យនៅកម្ពុជានៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០០៣ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើវិស័យស្នូលចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗចាប់ពីឆ្នាំ ១៩៩១-២០២៣ ដែលគម្រោង និងកម្មវិធីទាំងអស់មានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក ។
នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ប្រចាំនៅកម្ពុជា ជាមួយ និងគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) ក្នុងកាសបើកកិច្ចប្រជុំទ្វេភាគីពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូរវាងប្រទេសទាំងពីរលើកដំបូងក្នុងឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះភាគី KOICA ដឹកនាំដោយលោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា ចំណែកភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាអំពីគម្រោងសម្រាប់ឆ្នាំ២០២៥ ផែនការសម្រាប់គម្រោងថ្មី សម្រាប់ឆ្នាំ ២០២៦ និងការធ្វើបច្ចុប្បន្នភាពលើកម្មវិធីដែលកំពុងដំណើរការ។ ភាគីទាំងសងខាងក៏បានពិភាក្សាអំពីការរៀបចំ ពិធីសម្ពោធអគារថ្មីសម្រាប់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
ក្នុងជំនួបនោះ លោកស្រី Choi Moon Jung បានកោតសរសើរដល់កម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួន ជាពិសេស គណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) សម្រាប់កិច្ចសហការដ៏ល្អ ក្នុងការធានាឲ្យទទួលបានជោគជ័យនៃគម្រោង និងកម្មវិធីរបស់ កយកា-KOICA នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កយកា-KOICA និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។ លោកបានថ្លែងថា លោកបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិផលដែលបានធ្វើដោយ កយកា-KOICA ។
ភាគីទាំងពីរក៏បានពិភាក្សាបន្តអំពីកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) រវាងកម្ពុជា និងកូរ៉េ។ ភាគីទាំងសងខាងក៏បានផ្តោតសំខាន់ទៅលើជំហាន បន្ទាប់នៃការងាររវាង កយកា-KOICA ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៦។
គួររំលឹកផងដែរថា កាលពីឆ្នាំមុន កយកា-KOICA បានប្រារព្ធខួបលើកទី ២០ នៃវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ ៕
ដោយ ង៉ាន់ ទិត្យ