នាយករដ្ឋមន្ត្រីវ័យក្មេងរបស់ប្រទេសបារាំងទៅជួបតទល់នឹងហ្វូងកសិករ ដែលធ្វើបាតុកម្មបិទផ្លូវ
MC. ប៉ារីស៖ នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោក Gabriel Attal បានអញ្ជើញដល់ទីតាំងបិទផ្លូវ A64 ស្ថិតក្បែរនឹងសង្កាត់ Carbonne នៃតំបន់ Haute-Garonne បន្ទាប់ពីលោកបានប្រកាសពីការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះការតវ៉ាទាមទាររបស់កសិករ អស់រយៈពេលជាង១សប្តាហ៍ ក្នុងប្រទេសបារាំង។
Read. ជាការកត់សម្គាល់ ជាមួយនឹងការឆ្លើយតបរបស់រដ្ឋាភិបាល កាលពីថ្ងៃសុក្រនោះ ក្រុមសហជីបកសិករដ៏មានឥទ្ធិពលបានឈ្នះដីសម្បទានជាច្រើន បន្ទាប់ពីបានបិទផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់រដ្ឋធានីប៉ារីស។ ជាការតវ៉ា ដោយផ្តោតលើប្រាក់បៀវត្សរ៍ ពន្ធ និងបទប្បញ្ញត្តិ ផ្សេងៗ។
បញ្ហានេះត្រូវបានគេដឹងថា ជាការប្រឈមនឹងវិបត្តិដ៏ធំលើកដំបូង របស់លោក ហ្គាប្រ៊ីអែល អេតតាល់ (Gabriel Attal) ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសបារាំង។ កាលពីថ្ងៃសុក្រ លោកបានទៅដល់កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅតំបន់ ហោតេ ហ្គារ៉នណេ (Haute-Garonne) នាភាគនិរតី ហើយទីនោះ គឺជាកន្លែងដែលនាំឲ្យមានការបិទផ្លូវ លើកដំបូង។ លោក ហ្គាប្រ៊ីអែល ទៅទីនោះ គឺដើម្បីប្រកាសពីវិធានការនានា ដោះស្រាយបញ្ហាកសិករនេះ។
លោក ហ្គាប្រ៊ីអែល បានប្រាប់ហ្វូងកសិករថា «អ្នកគ្រប់គ្នាចង់ផ្ញើសារមកខ្ញុំ ហើយខ្ញុំពិតជាចង់ទទួលសារនោះខ្លាំងណាស់ ខ្ញុំបានស្តាប់ដឹងហើយ»។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបារាំងនឹង «បញ្ចប់» ចំពោះអ្វីដែលជាការកើនឡើង នៃថ្លៃដើមប្រេងម៉ាស៊ូត សម្រាប់គ្រឿងយន្តកសិកម្ម ហើយក៏នឹងមានការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ជាបន្តបន្ទាប់ដែរ។
លោកបានបន្ថែមទៀតថា ក៏នឹងមានមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីជួយកសិករចិញ្ចឹមគោ ប្រយុទ្ធនឹងជំងឺ ក្នុងចំណោមបសុសត្វ ទៀតផង។
លោកនាយករដ្ឋមន្ត្រី វ័យ៣៤ឆ្នាំ របស់បារាំង ដែលទើបចូលកាន់តំណែងមិនទាន់ដល់១ខែផង រូបនេះ បានគូសបញ្ជាក់ថា «យើងបានសម្រេចចិត្តថា វិស័យកសិកម្មត្រូវបានកំណត់ថា ត្រូវគិតគូរលើសពីអ្វីទាំងអស់»។
គួររម្លឹកថា មុនពេលមានដំណោះស្រាយ កសិករបានបិទផ្លូវរាប់សិបកន្លែង ជុំវិញប្រទេសបារាំង។ ពួកគេថែមទាំងទាមទារឲ្យបិទទីក្រុងប៉ារីសទៀតផង។ ត្រាក់ទ័ររាប់រយគ្រឿងបានបើកឆ្លងកាត់ ដោយបានបន្លឺស៊ីផ្លេ លឺៗ និងសម្លេងរំខានខ្លាំងផ្សេងទៀត ព្រមទាំងមានការបំផ្ទុះគ្រាប់បែកផ្សែង និងចាក់ចោល នូវសំណល់កសិកម្ម រួមនឹងសម្ភារផ្សេងៗទៀត ព្រមទាំង មានសំបកកង់ត្រាក់ទ័រ នៅលើផ្លូវ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-04-52-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-04-49-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-04-47-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-04-44-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-04-27-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-04-25-1024x682.jpg)