ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រឡងជ្រើសរើសគ្រូកីឡា ត្រូវប្រកួតប្រជែង ដោយផ្អែក លើសមត្ថភាព «អ្នកចេះ ប្រឡងជាប់»
(ភ្នំពេញ)៖ ការប្រឡងជ្រើសរើសគ្រូកីឡា គឺធានាឱ្យមានភាពស្មើៗគ្នានៃសិទ្ធ ប្រកួតប្រជែងដោយផ្អែកលើសមត្ថភាព ជាប់ដោយមោទនៈ ហើយបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត ពោល គឺធ្វើឡើងតាមគោលការណ៍ «អ្នកចេះ ប្រឡងជាប់» ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យ ចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សន្និសីទសារព័ត៌មាន ពាក់ព័ន្ធការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងសាលាភូមិន្ទរដ្ឋបាល ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះ គឺធ្វើឡើងដោយតម្លាភាព នឹងមិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ ដោយផ្អែកទៅលើគោលការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ក្នុងការជំរុញវិធានការគន្លឹះ ហើយវិធានការគន្លឹះទី១ គឺការរៀបចំប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដោយការផ្តល់ឱកាសឲ្យស្មើៗគ្នា ក្នុងការចូលរួមចុះឈ្មោះ ហើយនឹងការប្រកួតប្រជែងផ្អែកលើសមត្ថភាព បើជាប់ជាកិត្តិយស ហើយបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត ពោលគឺត្រូវធានាថា ការប្រឡងនេះ ផ្តល់ឱកាសស្មើៗគ្នា អ្នកចេះគឺជាប់ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡង និងអនុគណៈកម្មការទាំងអស់ ដែលចូលរួម ពាក់ព័ន្ធ គ្រប់មន្ត្រីរាជការ និងអ្នកដែលចូលរួមចំណែក គឺមានភាពទទួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលជាបេសកកម្មរបស់យើង ព្រោះកិច្ចការប្រឡងនេះ គឺធ្វើដោយម៉ត់ចត់ និងយកចិត្តទុកដាក់។ តាមរយៈប្រឡងនេះ នឹងដកយកបទពិសោធនៃភាពជោគជ័យក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ កាលពីចុងឆ្នាំ២០២៣កន្លង ។ យើងចង់ធ្វើឱ្យរលូន ជោគជ័យ និងទទួលយកបានទាំងអស់គ្នា ជាពិសេសធានានូវតម្លាភាព ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយមានបេក្ខជនចូលរួមចំនួន ១៨៩២នាក់ ។ ទាក់ទងនឹងការប្រឡងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ការប្រឡង ត្រូវបែងចែកជា ២វិញ្ញាសា គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡា។ ចំពោះវិញ្ញាសាសរសេរ មាន ៣មុខវិជ្ជា គឺវប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស ហើយចំពោះវិញ្ញាសាប្រឡង នឹងត្រូវតាក់តែងឡើងនៅព្រឹកថ្ងៃប្រឡងភ្លាមៗតែម្ដង ។
ចំណែកវិញ្ញាសាអនុវត្តន៍កីឡា មាន ៣ប្រភេទ គឺអនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់ ៥គីឡូក្រាម សម្រាប់បុរស និង ទម្ងន់៣គីឡូក្រាម សម្រាប់នារី, អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី និងអនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង ៨០ម៉ែត្រ សម្រាប់នារី ដែលនឹងត្រូវប្រឡងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ហើយត្រូវប្រឡងរយៈពេល ៨ថ្ងៃជាប់គ្នា ដោយសារតែមានបេក្ខជនប្រឡងច្រើន ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍បន្ថែមថា ក្រោយប្រឡងជាប់ បេក្ខជនទាំងអស់ ត្រូវចូលរួមបណ្ដុះបណ្ដាលរយៈពេល ២ឆ្នាំ សម្រាប់កម្រិត១២+២ និងរយៈពេល ៤ឆ្នាំ សម្រាប់កម្រិត១២+៤។ ក្នុងករណីបេក្ខជនបោះបង់នៅអំឡុងពេលបណ្ដុះបណ្ដាល គណៈកម្មការរៀបចំការប្រឡង នឹងផ្ដល់ឱកាសដល់បេក្ខជនជាប់បម្រុង។ បន្ទាប់ពីបណ្ដុះបណ្ដាលរួច គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាទាំង១០០នាក់ នឹងចេញទៅបង្រៀននៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់ពង្រាយតាមនៅតាមបណ្តាខេត្តចំនួន២១ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ចំពោះគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡារូបណា ដែលមានបំណងចង់ផ្ទេរ ឬបោះបង់ក្នុងការអនុវត្តនូវវិជ្ជាជីវៈរបស់ខ្លួននោះ នឹងត្រូវបាត់បង់ក្របខណ្ឌដោយស្វ័យប្រវត្តិ ព្រោះគោលដៅចម្បងក្នុងការជ្រើសរើសគ្រូអប់រំកាយ និងកីឡានេះ គឺមានបេសកកម្មច្បាស់លាស់មួយ ដែលត្រូវការគ្រូមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការបង្រៀនសិស្សានុសិស្ស ដូច្នេះបេសកកម្មនេះ ក៏ត្រូវទៅនឹងគោលបំណងធំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើសគ្រូកីឡា ដែលនឹងអាចបានផល សម្រាប់វិស័យកីឡារបស់កម្ពុជាទាំងមូលផងដែរ ។
សូមជម្រាបថា នេះជាលើកទី២ហើយ ដែលក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅដើមអាណត្តិទី៧នៃរដ្ឋសភា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-49-1024x768.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-47-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-44.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-42-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-40-1024x768.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-37-1024x768.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-35-1024x768.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-33-1024x768.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-53-1024x768.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-27_10-07-51-1024x768.jpg)