រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បង្ហាញការប្តេជ្ញាចិត្ត បន្តកិច្ច សហប្រតិបត្តិការអភិវឌ្ឍមូលធនមនុស្ស និង វិស័យអាទិភាពមួយចំនួន នៅកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បង្ហាញការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍ មូលធនមនុស្ស និងវិស័យអាទិភាពមួយចំនួន នៅកម្ពុជា រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រង នៃធនាគារពិភព លោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាស នៃដំណើរបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោកស្រីនាយិកាគ្រប់គ្រង បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានមាំមួន និងយូរអង្វែង ហើយលោក ស្រីនាយិកាមានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះនឹង បន្ដជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីភាពប្រទាក់ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និង ក្នុងកម្រិតប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រីនាយិកាគ្រប់គ្រង ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។

សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តកម្មវិធី ភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។

សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីនាយិកាគ្រប់គ្រង ពីការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជា ប្រទេសមានចំណូលខ្ពស់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner