សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយា បន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ២០៣០ ។

សម្តេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រម ទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយ នូវលទ្ធភាពរៀប ចំការប្រឡងប្រជែង នាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ ធ្នាប់ មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយ ឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពី បេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។

សម្ដេចធិបតីបន្តថា សូមបេក្ខជនប្រឡងប្រជែង ខិតខំឱ្យអស់ពីសមត្ថភាព ទាំង វិញ្ញា សាសរសេរនាថ្ងៃនេះ និងវិញ្ញាសាអនុវត្តកីឡា នៅថ្ងៃបន្តបន្ទាប់ ដោយមិន ត្រូវធ្វេស ប្រហែសលើវិញ្ញាសាណាមួយឡើយ ។
នៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បាន គួសបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ត្រូវបាន ញែកចេញជាពីរវិញ្ញាសារ ដោយក្នុងនោះមានវិញ្ញាសារសរសេរ ដោយមានបីវិញ្ញាសារសរសេរ ចែកចេញជាវប្បធម៌ទូទៅ ជីវវិជ្ជា និងភាសារអង់គ្លេស ហើយនិងវិញ្ញាសារអនុវត្ត។

នៅថ្ងៃទី២៩ ខែមករា គណៈកម្មការរៀបចំការប្រឡងប្រជែងដែលមាន ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ និងធ្វើការចាប់ផ្តើមកំណែវិញ្ញសាសរសេរ ទីតាំងមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល ។
ជាមួយគ្នានេះដែរ នីតិវិធីដល់បេក្ខជនត្រៀមប្រឡងអនុវត្តន៍កីឡា និងធ្វើឡើង នៅទី តាំង ពហុកីឡាជាតិអូឡាំពិក និងនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាផងដែរ ៕




ដោយ ៖ វណ្ណលុក