សហព័ន្ធកីឡាវាយសី ចាប់ដៃជាមួយ Yonex បង្កើតព្រឹត្តិការណ៍ប្រកួត ដើម្បី អភិវឌ្ឍសមត្ថភាពកីឡាករការិនី ទទួលបានមេដាយមាស លើឆាក អន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងបញ្ជាក់ ក្រោយបញ្ចប់ការប្រកួតកីឡាសីពានរង្វាន់ Yonex Main Vision Cambodia Championship 2024 នា ល្ងាចថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៤ម្សិលមិញនេះថា ការប្រកួតនេះ សហព័ន្ធបានចាប់ដៃជាមួយក្រុមហ៊ុនYonexក្នុងគោលបំណងចម្រាញ់ជ្រើសរើសយកធនធានកីឡាករវ័យក្មេងអាយុក្រោម១២ដែលមានទេពកោសល្យខ្ពស់ចំនួន៦នាក់យកមកផ្គត់ផ្គង់ហ្វឹកហាត់ត្រៀមនិងចូលរួមប្រកួតផ្សេងៗ ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពឆ្ពោះទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តម ប្រធានសហព័ន្ធ អះអាងទៀតថា ការប្រកួតនេះក្រៅពីចម្រាញ់ជ្រើសរើសយកកីឡាករវ័យក្មេងទាំងនេះ វាក៏ជាព្រឹត្តិការណ៍ប្រកួតមួយ ដើម្បីចម្រាញ់រកកីឡាករកីឡាការិនីដែលមានសក្កានុពលឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥ និងត្រៀមចូលរួមការប្រកួតអន្តរជាតិផ្សេងៗផងដែរ។មួយវិញទៀត ការប្រកួតនេះ គឺជាការបញ្ជាក់អំពីកិច្ចសហការគ្នាក្នុងជំហានអភិវឌ្ឍរួមគ្នាលើការឧបត្ថម្ភគាំទ្រចំគោលដៅឲ្យទទួលបានលទ្ធផលរីកចំរើនជឿនលឿន ធ្វើយ៉ាងណាដណ្តើមឲ្យបានមេដាយមាសជូនជាតិពីការប្រកួតកម្រិតអន្តរជាតិ។
ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែងអរគុណដល់កីឡាករ កីឡាការិនី ដែលបានប្រកាន់ជំហរអត្តចរិកសុភាពរាបសារថ្លៃថ្នូរ មាន សីលធម៌ល្អ និងគោរពបទបញ្ញាប្រកួតបានត្រឹមត្រូវ ក្នុងស្មារតី FairPlay។ជាមួយគ្នានោះ

ឯកឧត្តម ក៏អរគុណចំពោះ ចៅក្រម អាជ្ញាកណ្ដាលដែលបានប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ខិតខំអនុវត្ត បានត្រឹមត្រូវតាម Rules and Regulation របស់ Badminton អន្តរជាតិ មានភាពយុត្តិធម៌ មិនលំអៀង តាំងពីដើមរហូតដល់ចប់ការប្រកួត។ទន្ទឹមនេះ សូមថ្លែងអំណរគុណដល់ដៃគូររៀបចំការប្រកួតក្រុមហ៊ុន Yonex ដែលបានផ្តួចផ្តើម និងស្វះស្វែងរកប្រភពធនធានដំណើរការណ៍ការប្រកួតនេះបានរលូន តាមការគ្រោងទុក។
សូមជម្រាបជូនថា ក្រោយការប្រកួតកីឡាករជ័យលាភីអាយុក្រោម១២ឆ្នាំ ចំនួន០៦នាក់ នឹងត្រូវបានក្រុមហ៊ុនទទួលផ្គត់ផ្គង់ការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករបន្តវេនត្រៀមចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕






រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ