មូលនិធិ GX Foundation ពង្រីកកិច្ចសហប្រតិបត្តិការ ផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និង សហការី បានប្រកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រដល់វិស័យសុខាភិបាល ដោយផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។

នាឱកាសនៃជំនួបនេះ លោកប្រធានមូលនិធិ GX Foundation បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិ GX Foundation ជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយបានបញ្ជាក់ថាមូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក ។

បន្ថែមពីនេះ លោកប្រធានមូលនិធិ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការ ជាមួយនឹងក្រសួងសុខាភិបាល៖ ទី១). ការពង្រីក នូវការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ ទៅតាមបណ្ដាខេត្តគោលដៅថ្មីៗ បន្ថែមទៀត និង ទី២). ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់ វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងបានស្វាគមន៍ចំពោះគម្រោងនៃការពង្រីកកម្មវិធីរបស់មូលនិធិ ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា បន្ថែមទៀត ដូចជាកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ទៅលើកម្មវិធីទាំងនេះ ជាមួយនឹងក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេស ក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ និង កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។

សូមជម្រាបថា មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្ម លើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ បច្ចុប្បន្នបេសកកម្មរបស់មូលនិធិ GX Foundation ក៏បានកំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា។ គម្រោងនេះពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកម្ពស់សុខភាពសាធារណៈ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍សម្រាប់អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner