ស្ពានអាកាសមរតកតេជោ ៧៤ថ្ងៃទៀត នឹងប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ ក្នុងពិធីភ្ជាប់ស្ពានអាកាស ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា ឯកឧត្តម គ្រោងស្នើសុំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធនាមឈ្មោះស្ពានអាកាសដែលបាននិងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់ ៣ជាន់នេះ ជាស្ពានអាកាសមរតកតេជោ ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ ៧៤ថ្ងៃទៀត យើងនឹងសុំទៅ សម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី ២នឹងបន្តសាងសង់ នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត ។

ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងដែរថា វិស្វករដែលបាននិងកំពុងសាងសង់ស្ពានអាកាស មរតកតេជោនេះ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែល បណ្ដុះបណ្ដាលនៅកម្ពុជារហូតក្លាយជាវិស្វករ ក្រោមការដឹកនាំប្រទេសរបស់សម្ដេចតេជោហ៊ុនសែន។

សូមបញ្ជាក់ថា៖ ស្ពានអាកាសទី៨នេះ សាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

