ឧទ្ទាមហ៊ូធីយកកប៉ាល់រឹបអូសបាន ធ្វើជាកន្លែងទាក់ទាញទេសចរណ៍
បរទេស៖ ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន បានយកកប៉ាល់ដឹកទំនិញ ដែលពួកខ្លួនរឹបអូសបាន នាពេលកន្លងទៅ មកធ្វើជាទីតាំងទេសចរណ៍ លេងកម្សាន្ត នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃទី២៩ ខែមករា។
រយៈពេលជាងពីរខែ បន្ទាប់ពីត្រូវបានក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែនរឹបអូស កប៉ាល់ដឹកទំនិញ ឈ្មោះថា ហ្គាឡាស៊ី លីត ឌឺ (Galaxy Leader) ត្រូវបានប្រែក្លាយទៅជា «កន្លែងទាក់ទាញទេសចរណ៍» នៅក្នុងស្រុក។

ក្រុមឧទ្ទាម ដែលមានអ៊ីរ៉ង់គាំទ្រនៅពីក្រោយ ក៏បានចាប់ឃុំខ្លួន នាវិក ២៥នាក់ផងដែរ ក្នុងពេលរឹបអូសនាវាមួយគ្រឿងនោះ។
ពួកគេកំណត់អ្នកទេសចរ សម្រាប់បុរសតែប៉ុណ្ណោះ ក្នុងនោះ ចំណាយ ១ដុល្លារ អាចធ្វើដំណើរតាមកាណូតឈើ ទៅកាន់នាវាដែលត្រូវបានរឹបអូសមួយគ្រឿងនោះ ។ ក្រុមអ្នកទេសចរអាចជិះទូកឈើ ៥ដង ក្នុងមួយសប្តាហ៍ ទៅកាន់ទីនោះ។

ក្រុម ហ៊ូធី (Huthis) បានកោតសរសើរសកម្មភាពរបស់ខ្លួនបែបនេះថា ជាពានរង្វាន់ ក្នុងការប្រយុទ្ធរបស់ពួកគេ ដើម្បីបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីន។
គួររម្លឹកថា ក្រុមឧទ្ទាម ហ៊ូធី (Huthis) បានរឹបអូសកប៉ាល់ដឹកទំនិញ ហ្គាឡាស៊ី លីត ឌឺ (Galaxy Leader) ដែលតភ្ជាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងពេលធ្វើដំណើរ នៅលើជញ្ជូនសមុទ្រក្រហម កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ នាវានេះ ដើមឡើយ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុន តែក្រោយមក ក៏មានចំណែកភាគរបស់អ្នកជំនួញជនជាតិអ៊ីស្រាអែល លោក រ៉ាមី អ៊ុនហ្គា (Rami Ungar)។ នៅពេលប្លន់ដោយពួកហ៊ូធី មិនមានទំនិញលើនាវាមួយគ្រឿងនោះទេ ហើយគេដឹងថា សហនាវិកនៅលើនាវា ដែលត្រូវបានចាប់ឃុំខ្លួន មានជម្រុះជាតិសាសន៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
