លទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

(ភ្នំពេញ)៖ ក្រសួងការបរទេស នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”។ ចំពោះ “ការពង្រឹងការតភ្ជាប់” មានអាទិភាពចំនួនបួន ពោលគឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្តូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ដើម្បីឱ្យមានបរិយាបន្ន និងចីរភាព ។ ចំពោះ “ការពង្រឹង ភាពធន់” មានអាទិភាពចំនួនប្រាំ ពោលគឺ៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រីនិងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី ។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីមាគ៌ាទៅមុខ ដើម្បីជំរុញការកសាងសហគមន៍ អាស៊ានបន្ថែមទៀត និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អ ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ដោយសកម្មភាព ៩៩% នៃផែនការសហគមន៍សន្តិសុខ និងនយោបាយអាស៊ាន សកម្មភាព៩២% នៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ច និងសកម្មភាព៩៧% នៃផែនការលម្អិតសហគមន៍សង្គម-វប្បធម៌ ត្រូវបានបញ្ចប់ ឬកំពុងដំណើរការ ។

ចំពោះចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ រដ្ឋមន្ត្រីការបរទេសបានផ្ដោតសារៈសំខាន់លើការប្រើប្រាស់វិធីសាស្ត្រប្រកបដោយបរិយាបន្ននិងគ្រប់ជ្រុងជ្រោយ ជាមួយបណ្តាភាគីពាក់ព័ន្ធ ក្នុងការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដឹកនាំរបស់សហប្រធានឡាវ និងម៉ាឡេស៊ី ដែលជាសហប្រធានអមអចិន្ត្រៃយ៍ ខ្ពស់ក្នុងគោលបំណងអនុម័តឯកសារទាំងពីរនេះជាកញ្ចប់នៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ានក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយក៏បានលើកទឹកចិត្តឱ្យដៃគូខាងក្រៅអាស៊ានចូលរួមនៅក្នុងការអនុវត្ត វិស័យអាទិភាពទាំងបួនរបស់ចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ហើយក៏បានបន្តស្វាគមន៍ បំណងជាបន្តបន្ទាប់របស់ប្រទេសក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងការស្នើសុំបង្កើតភាពជាដៃគូផ្លូវការជាមួយអាស៊ាន ដើម្បី លើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាក់ស្ដែងនិងរឹងមាំ ផ្អែកលើការគោរព ការយោគយល់គ្នា និងផល ប្រយោជន៍ទៅវិញទៅមក ។

ក្នុងកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសសមាជិកអាស៊ាន ក្នុងការបញ្ចប់សេចក្តីសម្រេចចិត្តពីរឆ្នាំម្តងស្តីពីសន្ធិសញ្ញាតំបន់អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលឈានទៅដល់ការអនុម័តសេចក្តីសម្រេចចិត្តនេះ ដោយគណៈ កម្មាធិការ ទី១នៃសម័យប្រជុំលើកទី៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលការណ៍នេះ បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ដែលអាស៊ានផ្តោតទៅលើការមិនរីកសាយភាយនិងការរំសាយអាវុធ នុយក្លេអ៊ែរ។

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាន ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យសម្រាប់ការចូលជាសមាជិកពេញ សិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ ហើយក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រដល់ទីម័រ ឡេស្តេបន្ថែមទៀតក្នុងការកសាងសមត្ថភាព និងការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់ អាស៊ាន។

ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការ កើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។

នៅក្នុងបរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយ អាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ កាន់តែស៊ីជម្រៅដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់ ។

ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ការតែងតាំង ឯកឧត្តម អាលួនកែវ កិត្តិយួន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ ២០២៤ និងគំនិតផ្តួចផ្តើមគន្លឹះរបស់ឡាវក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលនឹងរួមចំណែកដោយស្ថាបនាដល់ដំណើរការសន្តិភាពដែលម្ចាស់ការ និងដឹកនាំ ដោយមីយ៉ាន់ម៉ា។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំ ដែនដោយមានមជ្ឈមណ្ឌល អាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ បានមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេសឡាវ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម និង ឯកឧត្តម ប៉ានត្រី ផាហ៊ុតថាទុកន ឧបនាយកមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និង ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាដែលជាផលប្រយោជន៍និងកង្វល់រួម ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner