ប្រមុខរាជរដ្ឋាភិបាល៖ កម្មវិធីពិសេសវិនិយោគឆ្នាំ២០២៤ បានដាក់ចេញវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើបញ្ហាអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កម្មវិធីពិសេសវិនិយោគឆ្នាំ២០២៤ បានដាក់ចេញនូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើបញ្ហាអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ ។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីពិសេសវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដាក់ចេញ នូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើអគារទាំងនោះ ដូចជា៖ លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។ល។

សម្ដេចបន្តថា តាមរយះកម្មវិធីពិសេសនេះ មានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ឆ្នាំ, ពន្ធអប្បបរមារយៈពេល ៣ឆ្នាំ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល ៣ឆ្នាំ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ លើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែលផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់គម្រោង ឬសកម្មភាពធុរកិច្ច ជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និង ការជួសជុលកែលម្អលើអគារ ដែលជាប់គាំង។ លើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល ៥ឆ្នាំ។ លើកលែងពន្ធអចលនទ្រព្យ និងលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ហើយការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។

សម្ដេចធិបតី បានបន្ថែមថា លើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋាន សំណង់ ឬ វិញ្ញាបនបត្រប្រើប្រាស់សំណង់ ។ រៀបចំគោលការណ៍ និងសម្របសម្រួលការបង្កើកទីផ្សារលក់ឡៃឡុងអចលនទ្រព្យសម្រាប់អចលន ទ្រព្យក្នុងខេត្តព្រះសីហនុ។ រៀបចំតំបន់កម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍនៅតាមភូមិ សង្កាត់ និងផ្លូវសំខាន់ៗ ដូចជា៖ តំបន់ទេសចរណ៍ពិសិដ្ឋ តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្តជាដើម ជាជំហានៗ ស្របតាមសក្កានុពល និងភូមិសាស្រ្តជាក់ស្ដែង។

សម្តេចធិបតី បានបញ្ជាក់ថា សំរាប់អ្នកទិញអគារ មិនមែនទិញសំរាប់លក់យកចំណេញទេ គឺត្រូវទិញថ្ងៃនេះ អភិវឌ្ឍន៍នៅឆ្នាំ២០២៤នេះតែម្តង មិនទុកចោលទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner