រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំនៅបែលហ្ស៊ីក (Video Inside)
រដ្ឋមន្ត្រីការទេសកម្ពុជា លោក សុខចិន្តា សោភា គ្រោងនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចំនួន ២ នៅក្នុងប្រទេសបែលហ្ស៊ីក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងទ្វីបអឺរ៉ុប។
វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុបតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សហភាពអឺរ៉ុបលើកទី២៤ គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងក្រុងព្រុចសែល រយៈពេល២ថ្ងៃ ដែលនឹងចាប់ផ្តើមវេលាថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងចូលរួមក្នុងកិច្ចប្រជុំទាំង២លើកនេះ ដើម្បី «ផ្លាស់ប្តូរយោបល់ស្តីពីទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ដើម្បីពន្លឿនភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន សហភាពអឺរ៉ុប និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន និងតំបន់ទាំង២»។
លោក សុខ ចិន្តាសោភា ដែលជាឧបនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាដែរនោះ គ្រោងនឹងថ្លែងបទអន្តរាគមន៍ «លើប្រធានបទស្តីពីវិបុលភាពរួមគ្នា ភាពធន់ នៃសេដ្ឋកិច្ច និងការវិនិយោគ ក្នុងគោលបំណងពង្រឹង នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងតំបន់ទាំង២ ព្រមទាំងទាញយកអត្ថប្រយោជន៍ ពីភាពខ្លាំងរបស់តំបន់ទាំង២ ដើម្បីជំរុញសន្ទុះកំណើនថ្មី ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ដោយចិរភាព»។