អាជ្ញាធរធ្វើកិច្ចសន្យារាលចាលចំពោះស្ត្រីសណ្ឋិតបារមីព្រះនាងឥន្រ្ទទេវី (Video Inside)

សកម្មភាពយកសាសនាធ្វើអាជីវកម្ម ត្រូវបានអាជ្ញាធរធ្វើការអប់រំដល់បុគ្គលប្រព្រឹត្តធ្វើកិច្ចសន្យារាងចាល។

ស្ត្រីឈ្មោះ អេន ចរិយា ដែលអះអាងថាមានបារមីព្រះនាងឥន្រ្ទទេវីចូលមកសណ្ឋិត ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣០មករា បានកោះហៅមកធ្វើកិច្ចសន្យា និងអប់រំ ជាមួយនឹងការណែឲ្យបញ្ឈប់សកម្មភាពផ្តេសផ្តាសទាំងនេះ ដែលប៉ះពាល់ដល់វិស័យសាសនា។

ការព្រមានដល់ស្ត្រីឈ្មោះ អេន ចរិយា នេះ គឺនៅបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំអាជ្ញាធរធ្វើអន្តរាគមន៍ ក្នុងករណីស្ត្រីអះអាងមានបារមីចូលសណ្ឋិតនោះ ដោយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ។

ក្រសួងវប្បធម៌បានចាត់ទុកសកម្មភាពរបស់ស្ត្រី អេន ចរិយា នោះថា បានបង្កផលប៉ះពាល់ដល់ទំនៀមទំលាប់ និងវប្បធម៌ជាតិ។

ស្ត្រីឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុស ដែលខ្លួនបានប្រព្រឹត្តកន្លងមក។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានថ្លែងថា សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាព របស់ស្ត្រីចូលរួបសណ្ឋិតនេះ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យារបស់ខ្លួននោះទេ៕

ads banner