រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ជាង ២០០គ្រួសារ បានទៅរស់នៅនៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់
ភ្នំពេញ៖ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហា បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំអោយប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ជាង ២០០គ្រួសារ បានទៅរស់នៅនៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង ។
ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពប្រឡាយព្រៃកប្រា ដើម្បីឈានទៅធ្វើការស្ដារក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយ នៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះមានផ្លូវបេតុងស្អាតរួចរាល់ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ជាយុទ្ធសាស្ត្រស្ដារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួនជាង ២០០គ្រួសារ ទៅរស់នៅទីតាំងមួយដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្ត និង រីករាយសហការជាមួយអាជ្ញាធរយើង ដែលធ្វើអោយយើងអាចបំពេញភារកិច្ច អភិបាលកិច្ចជូនប្រជាពលរដ្ឋដើម្បីរំដោះទឹក ។
ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យនិងធ្វើការសិក្សានៅទីតាំងខាងលើនេះអោយបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ យើងក៏និងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ ។
ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើលំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ ៤ម៉ែត្រកន្លះគុណនិង ១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ