តម្លៃប្រេងសាំងបន្ដកើនឡើង (Video Inside)
តម្លៃប្រេងសាំង បានបន្ដកើនឡើងថែមទៀតសម្រាប់ការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បានកើនឡើងចំនួន ១៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ២៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន គឺបានកើនឡើងចំនួន១០០រៀល។
ដោយឡែក តម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។
នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន ៥ពាន់ ៥០រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។