ប្រទេសអេហ្ស៊ីបប្រឈមមុខនឹងវិបត្តិប្រាក់ដុល្លារ ខណៈបំណុលផ្ទុះឡើង

គែរ៖ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបកំពុងរុញច្រានឲ្យម៉ាកយីហោល្បី ៗ ដូចជា Starbucks និង The Body Shop ធ្លាក់ចុះ ខណៈដែលអ្នកជំនាញសួរថា តើប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅប្លុកអារ៉ាប់មួយនេះ នឹងសងបំណុល ដែលចេះតែកើនឡើង យ៉ាងដូចម្តេច។

ចំពេលដែលមានវិបត្តិរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ប្រាក់ដុល្លារអាមេរិកបានក្លាយទៅជាការលំបាក ក្នុងការចូលមកប្រទេសមួយនេះ ខណៈដែលប្រាក់ ផោន របស់អេហ្ស៊ីបកំពុងធ្លាក់ចុះ ហើយអតិផរណាកំពុងកើនឡើង ដល់កម្រិត ៣៥ភាគរយ។

នៅលើទីផ្សារងងឹត ប្រាក់ដុល្លារកំពុងជួញដូរ ស្មើនឹងតម្លៃ ៧០ផោន របស់អេហ្ស៊ីប ច្រើនជាងទ្វេដង នៃអត្រាប្តូរប្រាក់ផ្លូវការ ដែលមានត្រឹម ៣១ផោន ក្នុង១ដុល្លារនោះ។ ធនាគារភាគច្រើន បដិសេធមិនផ្តល់ប្រាក់ដុល្លារ ដល់អតិថិជនរបស់ពួកគេនោះទេ។

បំណុលបរទេសរបស់អេហ្ស៊ីបបានផ្ទុះឡើងដល់ ១៦៤.៧ ពាន់លានដុល្លារ។ រីឯការចំណាយលើសេវាបំណុល នៅឆ្នាំនេះ នឹងមានចំនួន ៤២ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់អេហ្ស៊ីប ដែលពឹងផ្អែកខ្លាំងលើការនាំចូលនោះ ត្រូវបានគ្របដណ្តប់ដោយសហគ្រាស ដែលភ្ជាប់ទំនាក់ទំនងជាមួយយោធា ហើយបច្ចុប្បន្ននេះ ពួកគេពេញចិត្តចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ប៉ុន្តែ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយភ្ញាក់ផ្អើល ជាបន្តបន្ទាប់ នាពេលថ្មីៗនេះ។

បញ្ហាជំងឺរាតត្បាតប៉ះពាល់ដល់វិស័យទេសចរណ៍របស់អេហ្ស៊ីប ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនបានបង្កើនតម្លៃស្រូវសាលី និងការនាំចូលផ្សេងទៀត។ ការវាយប្រហារ នាពេលថ្មីៗនេះ បង្កឡើងដោយក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន លើការដឹកជញ្ជូន ឆ្លងកាត់សមុទ្រក្រហម ហើយដែលបានកាត់បន្ថយថ្លៃសេវាព្រែកជីក ស៊ុយអេស ក៏ជាកត្តាធំមួយទៀត ដែលនាំឲ្យអេហ្ស៊ីបកាន់តែយ៉ាប់យ៉ឺន។

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានបោះជំហានថ្មីមួយទៀត ដោយគ្រោងនឹងផ្តល់ប្រាក់កម្ចីចំនួន ៣ ពាន់លានដុល្លារ ប៉ុន្តែ បានទាមទារវិធានការកាត់បន្ថយភាពឈឺចាប់ខ្លាំង នៅក្នុងប្រទេសដែលមានប្រជាជនសរុប ចំនួន ១០៦លាននាក់មួយនេះ។ គេក៏បានដឹងដែរថា ពីរភាគបីនៃប្រជាជនអេហ្ស៊ីបកំពុងរស់នៅក្នុង ឬ ក្រោមបន្ទាត់ នៃភាពក្រីក្រ។

ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi ថ្មីៗនេះ បានពន្យល់ថា រដ្ឋចំណាយ ៣ ពាន់លានដុល្លារ ក្នុងមួយខែ លើទំនិញដូចជាអាហារ និងថាមពល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner