Shell រកប្រាក់ចំណេញប្រចាំឆ្នាំបាន ១៩.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះច្រើនជាងពាក់កណ្តាល

ឡូងដ៍៖ ក្រុមហ៊ុន Shell ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និយាយថា ប្រាក់ចំណេញរបស់ខ្លួន ធ្លាក់ចុះច្រើនជាងពាក់កណ្តាលក្នុងឆ្នាំ២០២៣ ដោយសារតម្លៃប្រេង និងឧស្ម័នធ្លាក់ចុះទាបវិញ បន្ទាប់ពីបានកើនឡើងដល់កម្រិតកំណត់ត្រាកាលពីឆ្នាំមុន ព្រោះតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

ប្រាក់ចំណេញក្រោយទូទាត់ពន្ធរបស់ក្រុមហ៊ុន Shell ធ្លាក់ចុះមកត្រឹម ១៩.៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៤២.៣ពាន់លានដុល្លារ នៅពេលដែលក្រុមហ៊ុនផលិតថាមពលសំខាន់ៗតម្លើងថ្លៃ ដោយសារការលុកលុយរបស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែន។

ក្រុមហ៊ុនថាមពលអង់គ្លេសនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលពេញមួយឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះតម្លៃប្រេង និងឧស្ម័ន រួមទាំងបរិមាណ និងកម្រិតនៃការចម្រាញ់ប្រេងឆៅ។

ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Wael Sawan បាននិយាយនៅពេលចេញផ្សាយរបាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំថា Shell បានរក្សាលទ្ធផលដ៏រឹងមាំក្នុងត្រីមាសនីមួយៗ ជារួម ក្នុងពេលពេញមួយឆ្នាំ២០២៣ យើងបានដំណើរការយ៉ាងល្អ។

លោកនាយកប្រតិបត្តិបន្ថែមថា នៅពេលយើងចូលដល់ឆ្នាំ២០២៤ យើងកំពុងបន្តធ្វើឱ្យក្រុមហ៊ុនរបស់យើងមានដំណើរការជាប្រក្រតី ដោយផ្តោតសំខាន់លើការកាត់បន្ថយការបំភាយឧស្ម័នកាន់តែតិចជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner