ធនាគារអាល្លឺម៉ង់ Deutsche Bank កាត់បន្ថយបុគ្គលិក ៣,៥០០នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណេញក្នុងឆ្នាំ២០២៣
ប៊ែរឡាំង ៖ ធនាគារ Deutsche Bank ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រកាសពីផែនការជម្រុះបុគ្គលិកចំនួន ៣,៥០០នាក់ ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយជាចាំបាច់ ក្រោយប្រាក់ចំណេញសុទ្ធធ្លាក់ចុះក្នុងឆ្នាំ២០២៣។
ធនាគារ Deutsche Bank បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ ដែលជាកម្មសិទ្ធិរបស់ភាគទុនិកចំនួន ៤.២ពាន់លានអឺរ៉ូ ឬប្រមាណ ៤.៥ពាន់លានដុល្លារ ធ្លាក់ចុះ ១៦ភាគរយនៅក្នុងឆ្នាំ២០២៣។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារ Deutsche Bank បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រហែល ៣,៥០០នាក់ ក្នុងរយៈពេល ២ឆ្នាំខាងមុខ នៅក្នុងប្រទេស ឬតំបន់ដែលមិនសូវសម្បូរអតិថិជន។
គិតក្នុងឆ្នាំ២០២២ កន្លងទៅ ធនាគារដ៏ធំបំផុតរបស់អាល្លឺម៉ង់មួយនេះ មានបុគ្គលិកប្រហែល ៨៥,០០០នាក់នៅទូទាំងពិភពលោក។ យ៉ាងណាមិញ នាយកប្រតិបត្តិធនាគារ Deutsche Bank លោក Christian Sewing បានសរសើរដល់ដំណើរការរបស់ធនាគារ នៅក្នុងបរិយាកាសមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ខណៈដែលធនាគារទទួលបានប្រាក់ចំណេញមុនការបង់ពន្ធជិត ៥.៧ពាន់លានអឺរ៉ូ ឬប្រហែល ៦.១ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១៦ឆ្នាំ។
ក្រៅពីការប្រកាសកាត់បន្ថយបុគ្គលិក ធនាគារ Deutsche Bank ក៏បានបង្ហាញពីគោលដៅថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ផងដែរ ដោយនិយាយថា ខ្លួនមានផែនការស្រូបទាញប្រាក់ចំណូលរហូតដល់ ៣២ពាន់លានអឺរ៉ូ ឬប្រហែល ៣៤.៥ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា