មេដឹកនាំអឺរ៉ុប៖ ការបញ្ជូនជំនួយជាង ៥៤ពាន់លានដុល្លារឱ្យអ៊ុយក្រែន ជាសារដ៏មានឥទ្ធិពលទៅកាន់លោក ពូទីន
ព្រុចសែល ៖ មេដឹកនាំអឺរ៉ុបថ្លែងថា កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប លើការផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ ឬជាង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ជាការផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
តំណាងប្រទេសចំនួន ២៧ នៅសហភាពអ៊ឺរ៉ុប បានជួបជុំគ្នានៅទីក្រុងព្រុចសែល ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបោះឆ្នោតផ្ដល់ជំនួយដល់អ៊ុយក្រែន ខណ:ដែលប្រទេសនេះកំពុងអស់អាវុធទប់ទល់ជាមួយរុស្ស៊ី។
ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់សន្និសីទកាសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលថា កញ្ចប់ជំនួយជាង ៥៤ពាន់លានដុល្លារសម្រាប់រយៈពេល ៤ឆ្នាំនេះ ជាការផ្ញើសារដ៏មានឥទ្ធិពល និងរឹងមាំទៅកាន់លោក ពូទីន នៅមុនខួប ២ឆ្នាំ នៃការលុកលុយរបស់មេដឹកនាំរុស្ស៊ីរូបនេះលើអ៊ុយក្រែន។
រីឯប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល បានសរសេរសារនៅលើបណ្តាញសង្គម X ថា មេដឹកនាំទាំង ២៧ប្រទេស បានយល់ព្រមលើកញ្ចប់ជំនួយបន្ថែមជាង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននីស ស្មីហែល ក៏បានសរសេរសារនៅលើបណ្តាញសង្គម X ដែរថា ជាថ្មីម្តងទៀតហើយ ដែលរដ្ឋសមាជិកសហភាពអឺរ៉ុបបង្ហាញពីសាមគ្គីភាព និងឯកភាពរបស់ពួកគេ ក្នុងសកម្មភាពជួយដល់ប្រជាជនអ៊ុយក្រែនទប់ទល់នឹងសង្រ្គាម។ កញ្ចប់ជំនួយនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះរួមគ្នារបស់យើង។
គួរបញ្ជាក់ថា កញ្ចប់ជំនួយខាងលើ នឹងត្រូវតម្កល់ក្នុងថវិការបស់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីប្រើជាប្រយោជន៍ ដូចជាការបើកប្រាក់បៀវត្សរ៍ និងសេវាកម្មផ្សេងៗក្នុងវិស័យយោធា។ ម្យ៉ាងវិញទៀត ក៏រាប់បញ្ចូលទាំងការទិញអាវុធ ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ីផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា