សម្តេចតេជោ ហ៊ុន សែន៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ

ភ្នំពេញ៖ តាមរយៈសារដែលបានបង្ហោះ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីស្ថានភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតថា នៅពេលនេះ មានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យ មិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ ។

ក្នុងសារបង្ហោះលើបណ្ដាញសង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស។ សម្តេចតេជោ ក៏បានផ្តាំទៅដល់ក្រុមមនុស្សអាក្រក់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ បំពុលព័ត៌មានតទៅទៀត។

សម្តេចតេជោ បានបង្ហោះខ្លឹមសារដូច្នេះថា៖ ២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។

កាលពី៤ថ្ងៃមុន ភរិយាខ្ញុំ ដួលក្នុងបន្ទប់សម្រាក ធ្វើឱ្យប៉ះដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យ សុខភាពគាត់ល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំ កំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត ។

ទូលព្រះបង្គំ សូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៌ របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។

ឆ្លៀតឱកាសនេះ ក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯង ល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner