រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយក្រុមហ៊ុនជប៉ុន លើការបណ្តុះបណ្តាល ជំនាញជួសជុលរថយន្តស្តង់ដារជប៉ុននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុន ចំនួន២ គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិ បត្តិការ បណ្តុះបណ្តាលជំនាញជួសជុលរថយន្ត តាមបែបស្តង់ដារជប៉ុននៅកម្ពុជា ។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សា ភិបាលEhime Nissan Group និងលោក Ken Matsumura ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃក្រុមហ៊ុន Forval Corporation ដែលបានមកសិក្សាពីគុណវុឌ្ឍ និង សក្តានុពលរបស់កម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាពិសេសផ្នែកគ្រឿងយន្ត ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនទាំងពីរ បាន បញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជំនាញឯកទេសរបស់ក្រុមហ៊ុនលើការជួសជុល ថែទាំរថយន្ត តោន បាញ់ថ្នាំ និងសេវាកម្មមួយចំនួនទៀត ដែលជាកម្រិត ស្តង់ដារ របស់ប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍ និងគាំទ្រចំពោះបំណង នៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនជប៉ុនទាំងពីរនេះ ក្នុងការផ្តល់ជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តកម្រិតស្តង់ដារជប៉ុននៅកម្ពុជា ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីជប៉ុន ពីការត្រៀមខ្លួន រួច ជា ស្រេចរបស់ក្រសួង ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីជួយជ្រោមជ្រែងកិច្ចសហប្រតិ បត្តិ ការមួយនេះ ឱ្យទទួលបានជោគជ័យ ៕
ដោយ ៖ វណ្ណលុក