សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីស្ថានភាពសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានភាពល្អប្រសើរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុន ភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។

សម្តេចតេជោបានបន្តថា បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាព គាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។
ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។

ឆ្លៀតឱកាសនេះ សម្តេចតេជោក៏សូមជូនសារទៅពួកអាក្រក់ សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕

ads banner