គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មានតួនាទី បែងចែកដីសម្បទានសង្គមកិច្ចជូន ពលរដ្ឋក្រីក្រ និងប្រែក្លាយតំបន់ជនបទ ឱ្យទៅជាបុរី ជនបទ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គណៈកម្មាធិការសម្បទានដីសង្គមកិច្ច បានជួបគ្នាជជែកពិភាក្សា និងរៀបចំឱ្យមានទស្សនៈវិស័យ ដើម្បីឱ្យការបែងចែកដីសម្បទានសង្គមកិច្ចមានលក្ខណៈកាន់តែទូលំទូលាយ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនជាងមុន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំក្រោមក្របខណ្ឌគណៈកម្មាធិការសម្បទានដីសង្គមកិច្ច ដែលដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២៤ ។

គណៈកម្មាធិការសម្បទានដីសង្គមកិច្ចមិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានតួនាទីភារកិច្ចក្នុងការប្រែក្លាយតំបន់ជនបទរបស់ប្រទេសកម្ពុជាឱ្យទៅជាបុរីជនបទ ។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា យើងគួរតែប្រែក្លាយមុខងាររបស់គណៈកម្មាធិការដីសម្បទានសង្គមកិច្ចឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា ។

រាជរដ្ឋាភិបាលនីតិកាលទី៧ មានចក្ខុវិស័យនឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទូទាំងប្រទេសមានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលនេះគឺជាមោទនភាពមួយដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា ហើយក៏សម្រាប់ពិភពលោក ។

តាមរយៈកិច្ចប្រជុំនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអ្វីដែលបានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមក នឹងរួមចំណែកប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner