លោក គីម ជុងអ៊ុន ចុះទស្សនកិច្ចនាវាចម្បាំង ខណៈកូរ៉េខាងជើងត្រៀមខ្លួនធ្វើសង្គ្រាម
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃសុក្រនេះ បានចុះត្រួតពិនិត្យនាវាចម្បាំង នៅឯកន្លែងផលិតនាវា Nampho មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងព្យុងយ៉ាង ដែលនេះជាការជំរុញថ្មី ក្នុងការពង្រឹងកម្លាំងទ័ពជើងទឹក ខណៈប្រទេសរបស់លោកបង្កើនការត្រៀមខ្លួនធ្វើសង្គ្រាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក គីម ជុងអ៊ុន បាននិយាយនៅឯកំពង់ផែ Nampho ថា ការពង្រឹងកម្លាំងកងទ័ពជើងទឹក ជាអាទិភាពសំខាន់បំផុត ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ និងបង្កើនការត្រៀមខ្លួនធ្វើសង្រ្គាមនាពេលបច្ចុប្បន្ន។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ បានស្ថិតនៅក្នុងបញ្ជីអាវុធយុទ្ធសាស្ត្ររបស់លោក គីម ដែលបានដាក់ចេញក្នុងសមាជបក្សដ៏សំខាន់មួយក្នុងឆ្នាំ២០២១ រួមជាមួយនឹងក្បាលគ្រាប់មានល្បឿនលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងមីស៊ីលផ្លោងអន្តរទ្វីប។
សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក គីម ប្រកាសថា កូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេសលោក ហើយបានគំរាមធ្វើសង្រ្គាម បើសិនទីក្រុងសេអ៊ូលហ៊ានរំលោភទឹកដី សូម្បីតែ១មីលីម៉ែត្រ។
បន្ថែមលើនេះ លោក គីម ក៏បានសាទរដល់ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រថ្មី ចេញពីនាវាមុជទឹក ដោយបានហៅវាថា ជាពេលវេលាដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កម្លាំងកងទ័ពជើងទឹករបស់កូរ៉េខាងជើង។ កាលពីឆ្នាំមុន កូរ៉េខាងជើងបានចាប់ផ្តើមអភិវឌ្ឍន៍នូវអ្វីដែលខ្លួនហៅថា នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូងរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


