រដ្ឋមន្រ្តីក្រសួងព័ត៌មាន អំពាវនាវ ក្រសួងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រព័ន្ធផ្សព្វ ផ្សាយ ឧបត្ថម្ភគាំទ្រ វិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យមានការរីកចម្រើន
ភ្នំពេញ៖ ក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយក្រុមហ៊ុនឯកជន និងដោយមានការផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ជាតិកម្ពុជា កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពិសេស គ្រប់ក្រសួងស្ថាប័នរដ្ឋ ក្រុមហ៊ុន ឯកជន និងប្រព័ន្ធផ្សព្វផ្សាយ បន្តសហការឧបត្ថម្ភគាំទ្រ ក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឱ្យមានការរីកចម្រើន។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្បាច់គុនខ្មែរ ជាក្បាច់គុនបុរាណរបស់យើងតាំងពីយូរលង់ណាស់មកហើយ មានចារឹកទុកនៅតាមបណ្តាប្រាង្គប្រាសាទនានា។ ក្បាច់គុនបុរាណខ្មែរ កាលពីមុនជាក្បាច់យុទ្ធសាស្ត្រសម្រាប់ការពារខ្លួន និងការពារជាតិមាតុភូមិ។ ប៉ុន្តែការប្រដាល់បង្ហាញក្បាច់គុននៅពេលនេះ កីឡាករ កីឡាការិនីត្រូវបានហាមមិនឲ្យប្រើក្បាច់ណាដែលបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងនោះទេ ប៉ុន្តែប្រើតែក្បាច់ឬស្នៀតណាដែលពុំសូវគ្រោះថ្នាក់តែប៉ុណ្ណោះសម្រាប់ជាវិស័យកីឡាជូនបងប្អូនជនរួមជាតិទស្សនាកម្សាន្ត។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំអភិវឌ្ឍវិស័យកីឡាឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ វិស័យកីឡាប្រដាល់គុនខ្មែរ បានទទួលនូវមេដាយមាសច្រើនជាងគេ។
រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស ដើម្បី ចូលរួមជាមួយយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងយក ចិត្តទុកដាក់ធ្វើកំណែទម្រង់ដើម្បីអភិវឌ្ឍលើមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ជា ពិសេសកីឡាករ កីឡា ការិនីពេញវ័យ និងកីឡាករថ្នាលដើម្បីឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឡើងចាប់តាំងពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមាន សមាគមន៍កីឡាប្រដាល់គុនខ្មែរ ក្រសួង រាជធានី ខេត្ត ចូលរួមសរុបចំនួន១៥ ប្រតិភូ គ្រូបង្វឹក សរុបចំនួន ៣០ កីឡាករ កីឡាការិនី ចំនួន ១៤៨នាក់ នារី២៩ នាក់ សម្រាប់វិញ្ញាសាដែល ត្រូវរៀបចំប្រកួត សរុបមានចំនួន១៨ រួមមាន ៖ ប្រយុទ្ធផ្នែក នារី មានចំនួន ៥ ប្រភេទទម្ងន់, ប្រយុទ្ធផ្នែកបុរស មានចំនួន ១១ ប្រភេទទម្ងន់, វិញ្ញាសាថ្វាយបង្គំគ្រូ ផ្នែកបុរស និងនារី ។ការប្រគួតអនុវត្តន៍តាមរូបមន្តជម្រុះតាមប្រភេទទម្ងន់នីមួយៗ សរុប ១៣២ ប្រកួត។
ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ គឺជាការលើកកម្ពស់នូវកេរមរតកជាតិ អត្តសញ្ញាណជាតិ ហើយក៏ជាការផ្តល់ឱកាសឲ្យ កីឡាករ កីឡាការិនីបានបញ្ចេញនូវសមត្ថភាព និង វាស់ស្ទង់នូវកម្រិតបច្ចេកទេសដែលកីឡាករ កីឡាការិនី ម្នាក់ៗបានធ្វើការហ្វឹកហាត់កន្លងមក។
ជាមួយនេះក៏ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ដល់សាធារណៈជនទាំងក្នុងនិងក្រៅប្រទេស និងអន្តរជាតិឲ្យបានស្គាល់ និងយល់ច្បាស់អំពីគុណតម្លៃ នៃក្បាច់គុនបុរាណខ្មែរ ជាពិសេសដើម្បីពង្រឹងសមត្ថ ភាពកីឡាករ-កីឡាការិនី ដែលមានសក្តានុពល សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹក ហាត់ត្រៀមលក្ខណៈចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ។ ក្នុងឱកាសបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចូលរួមឧបត្តម្ភថវិកាចំនួន ១០ លានរៀល ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា









