ជើងមាន់ ៤កុងតឺន័រ ត្រូវបានសមត្ថកិច្ចជំនាញសម្រេចធ្វើការដុតកម្ទេចចោលនៅថ្ងៃស្អែក

(ស្វាយរៀង)៖ ជើងមាន់ទាំង ៤កុងតឺន័រ ដែលត្រូវបានសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ត្រូវបាននាំមកទីលានចាក់សំរាមដែលមានគ្រឿងចក្រអេស្កាវាទ័រ ជីករណ្ដៅចាក់ជើងមាន់ចូល ដើម្បីត្រៀមដុតកម្ទេចចោល ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយសារពុំមានឯកសារគ្រប់គ្រាន់ ។

យោងតាមមន្ត្រីជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថាពុំមានឯកសារគ្រប់គ្រាន់ទើបនៅថ្ងៃទី៣ កុម្ភៈនេះ បាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីត្រៀមដុតកំទេចចោលនៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៤ ។

ជាមួយគ្នានេះ នៅកន្លែងជីករណ្ដៅត្រៀមដុតជើងមាន់កំទេចចោល ក៏មានវត្តមានមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ការពារយ៉ាងតឹងរឹងផងដែរ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀងបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន ៤គ្រឿង ដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់ ។

តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូងនៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត ។

លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង ៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ ៕

នុត នាង

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner