លោក ម៉ាក្រុង ថ្កោលទោសការសម្លាប់បុគ្គលិកផ្តល់ជំនួយបារាំងនៅអ៊ុយក្រែន

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា បុគ្គលិកផ្តល់ជំនួយបារាំង ២នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយលោកបានថ្កោលទោស និងហៅការវាយប្រហារនេះថា ជា “អំពើព្រៃផ្សៃ”។

មន្ត្រីអ៊ុយក្រែននិយាយថា បុគ្គលិកផ្តល់ជំនួយបារាំង ២នាក់ត្រូវបានសម្លាប់ និងជនបរទេស ៣នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុង Beryslav ក្បែរទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ប៉ូលិសអ៊ុយក្រែនបាននិយាយថា ពួកគេបានស្លាប់ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីក្រុង Beryslav ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេ Dnipro ជិតសមរភូមិជួរមុខ តែងតែទទួលរងការវាយប្រហារដោយយន្តហោះដ្រូន និងកាំភ្លើងធំរបស់រុស្ស៊ី។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne ថ្លែងថា រុស្ស៊ីនឹងទទួលការឆ្លើយតបវិញ ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។

ដោយឡែកនៅក្នុងទីក្រុងប៉ារីស ការិយាល័យប្រឆាំងភេរវកររបស់រដ្ឋអាជ្ញាបារាំង បានប្រកាសក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសការវាយប្រហារលើបុគ្គលិកផ្តល់ជំនួយ ដែលជាអ្នកមិនប្រយុទ្ធនៅក្រោមច្បាប់អន្តរជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner