អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យអង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា គ្រប់រូប ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា

(ខេត្តកណ្តាល)៖ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលខេត្តកណ្តាល នាថ្ងៃសៅរ៍ទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល មានប្រសាសន៍ គណបក្សប្រជាជនកម្ពុជាយើង ទទួលបានជោគជ័យ ក្នុងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ តាមការគ្រោងទុក នោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នឹងក្លាយ ជា ប្រធានព្រឹទ្ធសភា ដូចដែលសម្តេចធ្លាប់បានមានប្រសាសន៍ រួចហើយកាលពីថ្ងៃទី ២០ ខែមករា កន្លងទៅថ្មីៗនេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា យើងទាំងអស់គ្នា ជាសមាជិក សមា ជិកា របស់គណបក្ស ដែលជាអង្គបោះឆ្នោតគ្រប់រូបរបស់ គណបក្សប្រជាជន កម្ពុជា ពោលគឺ សមាជិករដ្ឋសភា មណ្ឌលខេត្តកណ្តាលចំនួន ១០រូប និង សមាជិកក្រុម ប្រឹក្សាឃុំ/សង្កាត់ ចំនួន ៧២៧រូប ទូទាំងខេត្ត ត្រូវទៅចូលរួមបោះឆ្នោត ជូន គណបក្ស ប្រជាជនកម្ពុជា ទាំងអស់គ្នា ស្របតាមគោលការណ៍ សមាជិក ឬសមាជិកា នៃអង្គ បោះ ឆ្នោតមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បី សម្រេចឱ្យបាននូវលទ្ធផល តាមការគ្រោងទុក ពោលគឺ ទទួលបាន ៤ លើ ៥ អាសនៈ ឬ ៥ លើ ៥ អាសនៈ តែម្តង ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ឈរលើមូលដ្ឋានដ៏រឹងមាំ នៃសុខសន្តិ ភាពពេញផ្ទៃប្រទេស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមក ជូនប្រទេសជាតិ និង ប្រជាជនតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេល ២៦ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វា ហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញ ដោយ សមត្ថភាព ចំណេះដឹង និង ថាមពល បាននិងកំពុងបន្តខិតខំ បំពេញបេសកកម្ម បម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយហត់ និង ដោយស្មារតីទទួល ខុស ត្រូវ ខ្ពស់បំផុត ចំពោះជោគវាសនា របស់ប្រទេសជាតិ និង ប្រជាជន ។ ជាក់ស្តែង ក្នុងរយៈពេលមិនដល់ ៦ខែ នៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ផង សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទី និង ភារកិច្ច យ៉ាងសកម្មបំផុត ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស សំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ក៏បានក្រើនរំលឹក និង ស្នើសុំឱ្យថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់, គណបក្សខេត្ត ក៏ដូចជារដ្ឋបាលខេត្ត, ក្រុង/ស្រុក និង ឃុំ/សង្កាត់ បន្តសហការជិតស្និទ្ធ ជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួន ដូចខាងក្រោម៖

១.ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់, ទាំងក្រុមការងារគណបក្សចុះមូលដ្ឋាន និង គណៈកម្មាធិការបក្សខេត្ត, ក្រុង/ស្រុក, និង ឃុំ/សង្កាត់, ត្រូវបន្តសហការជិតស្និទ្ធ ដើម្បី ចូលរួមអនុវត្តសេចក្តីសម្រេច លេខ ៥១/០៨២៣ សស.គក ចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការកណ្តាលគណបក្ស ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះ-ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និង សេចក្តីសម្រេច លេខ ១៥៦ សសរ ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤, ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ តាមសមត្ថកិច្ចរៀងៗខ្លួន ចាប់ពីពេលនេះតទៅ រហូតដល់ពេលឃោសនាបោះឆ្នោត និង ពេលរាប់សន្លឹកឆ្នោត, សំដៅសម្រេចឱ្យបាននូវលទ្ធផល តាមការរំពឹងទុករបស់គណបក្ស ក្នុងការទទួលបានអាសនៈ ចំនួន ៤ លើ ៥ អាសនៈ ឬ ៥ លើ ៥ អាសនៈ សម្រាប់មណ្ឌលភូមិភាគ ៣, ខេត្តកណ្តាល របស់យើង ។

២.ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ សមាជិកសមាជិកានៃអង្គបោះឆ្នោតទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្តាលទាំង ៧៣៧ រូប ក្នុងនោះ រួមមាន សមាជិករដ្ឋសភា មណ្ឌលខេត្តកណ្តាល ចំនួន ១០ រូប និង សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្ត ចំនួន ៧២៧ រូប ត្រូវទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ ។ ក្នុងទិសដៅនេះ គណៈកម្មាធិការបក្សក្រុង/ស្រុក និង ឃុំ/សង្កាត់ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់សំណូមពរចាំបាច់នានា ប្រមូលផ្តុំ និង ចុះបង្រៀនអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អំពីរបៀបគូសសន្លឹកឆ្នោត ធ្វើបច្ចុប្បន្នភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សយើង និង ផ្ទៀងផ្ទាត់ ឈ្មោះ អាយុ អត្តសញ្ញាណបណ្ណ របស់អង្គបោះឆ្នោត ។ល។

៣.ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវប្រមូលផ្តុំកម្លាំង ចុះដល់ឃុំ/សង្កាត់នីមួយៗ ដើម្បីបន្តធ្វើការងារសំខាន់ៗមួយចំនួន រួមមាន៖ បង្កើនការគ្រប់គ្រងសមាជិកបក្សរបស់យើងឱ្យបានល្អ, ណែនាំឱ្យអង្គបោះឆ្នោតគ្រប់រូប ស្គាល់ទីតាំងការិយាល័យបោះឆ្នោត និង លំដាប់លេខរៀងរបស់គណបក្សយើង, បង្ការទប់ស្កាត់រាល់ឧបាយកល ឬ ល្បិចកល នានា ដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សយើង ។ល។ សូមចងចាំថា គណបក្សប្រជាជនកម្ពុជាយើង ឈ្នះឆ្នោត មានន័យថា ប្រទេសកម្ពុជាទាំងមូល និង ប្រជាជនកម្ពុជាគ្រប់រូប ជាអ្នកឈ្នះ ។

៤.រដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី ៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង/ស្រុក អាណត្តិទី ៤ នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន តាមការរំពឹងទុក; ធានាសុវត្ថិភាពជូនដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា; ការពារសុវត្ថិភាពដល់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និង ធានាឱ្យការបោះឆ្នោតទាំងពីរខាងលើ ប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុក ។

៥.ស្របពេលដែលការបោះឆ្នោតទាំងពីរ កាន់តែខិតជិតមកដល់ រដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និង មធ្យោបាយនានា ក្នុងការបង្ការ និង ពន្លត់អគ្គិភ័យ ជាពិសេស នៅតាមសំណង់អគារខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ ជាដើម ៕

ប្រភព ៖ ក្រុមការងារខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner