មន្រ្តីជាន់ខ្ពស់កម្ពុជា៖វិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យ អាទិភាព ចម្បងមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានថ្លែង ថា” ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្តមានការរីកចម្រើនយ៉ាង លឿនមុនជំងឺកូវីដ១៩ បានរីករាលដាលនៅឆ្នាំ២០១៩ ។កម្ពុជា បាននាំចេញគ្រឿងបង្គំយានយន្តបានប្រមាណជាង២០០លានដុល្លារអាម៉េរិកនិងគ្រឿងបរិក្ខារអេឡិចត្រូនិកបានប្រមាណជាង៩០០លានដុល្លារ។

ឯកឧត្តមបន្តថា ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយាន យន្ត និងវិស័យអេឡិចត្រូនិកបានដាក់ចេញនូវគំនិតផ្តួចផ្តើម ចំនួន ២០។ក្នុងនោះគំនិតផ្តួចផ្តើមអាទិភាពចំនួន ៤ ដែលមាន ភាពបន្ទាន់ បាននិង កំពុងត្រូវបានអនុវត្ត ដែលរួមមាន៖ ១. ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យ យានយន្ត និងអេឡិច ត្រូនិក ,២. ការកំណត់ទីតាំងតំបន់ សេដ្ឋកិច្ច ពិសេសសម្រាប់ចង្កោមវិស័យ យានយន្ត និងអេឡិច ត្រូនិក,៣. ការសហការជាមួយវិស័យឯកជនដើម្បីរៀបចំកម្មវិធី បង្កើន ជំនាញដល់កម្មករ និយោជិត និង ៤. ការបន្តធ្វើឱ្យ ប្រសើរ ឡើង នូវនីតិវិធីឡូជីស្ទីក។

ឯកឧត្តមមានប្រសាសន៍ដែរថាការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះនឹងផ្តល់បច្ច័យយ៉ាងសំខាន់ សម្រាប់កម្ពុជាដូចជាការអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ ពាន់លានដុល្លារនិងអាចបង្កើតការងារថ្មីជាង ២២ពាន់ កន្លែងក្នុងរយៈពេល៥ឆ្នាំខាងមុខក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។

ឯកឧត្តម ហេង សុខគង់ បន្តថា ការវិនិយោគក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនឹងជួយធ្វើឱ្យកម្ពុជាទទួលបាននូវប្រយោជន៍ ដូចជាការបង្កើនធនធានមនុស្សប្រកបដោយជំនាញ,ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងភស្តុតាងរោងចក្រមួយ ចំនួនបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ១៨០ ប្រទេស និងតំបន់លើពិភពលោកទៀតផង។

ចំណែកឯកឧត្តម ឡៅ ហ៊ឹម រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថាការធ្វើទំនើបកម្មលើមុខជំនាញ វិជ្ជាជីវៈទៅលើសំណាក់យុវជន និងពលរដ្ឋកម្ពុជាបានធ្វើឱ្យ ពួក គេអាចរកទីផ្សារកាន់តែទូលំទូលាយនិងពិសេសទីផ្សារថ្មីៗ ដែលប្រើលើបច្ចេកវិទ្យាសម័យថ្មីៗ សម្រាប់ការរកចំណូល និង បង្កើនជីវភាពគ្រួសារ។

ឯកឧត្តមបានបន្ទរតាមការលើកឡើងរបស់បណ្ឌិត ហេង សុខគង់ ថា”ការង្កើតរោងចក្រនិងដំឡើងរថយន្តនេះមិនត្រឹមតែ លើកកម្ពស់មុខមាត់ប្រទេសជាតិប៉ុណ្ណោះទេថែមទាំងផ្តល់ការងារជាច្រើនកន្លែងដល់យុវជនកម្ពុជា។កម្ពុជាកំពុងបន្តធ្វើបដិវត្តកម្ម រចនាសម្ព័ន្ធសេដ្ឋកិច្ចទៅកាន់វិស័យឧស្សាហកម្មនិងវិស័យសេវាកម្មកាន់តែស៊ីជម្រៅដោយពឹងផ្អែកខ្លាំងទៅលើកម្លាំងពលកម្មជំនាញជាសំខាន់”។
ពាក់ព័ន្ធនឹងវិស័យយានយន្តនេះដែរ ឯកឧត្តម ពៅ ម៉ាលី រដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកំណើនប្រើប្រាស់រថយន្តកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសរថយន្តថ្មីៗនិងក្រៅពីនេះក៏មាន ក្រុមហ៊ុនវិនិយោគលើរថយន្តដូចជាការដំឡើងរថយន្តជាដើមបានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់។ក្រៅពីនេះក៏មានក្រុមហ៊ុន មួយចំនួនទៀតកំពុងគ្រោងវិនិយោគទុនប្រភេទផលិតរថយន្តនៅកម្ពុជាទៀតផង។
ឯកឧត្តមបញ្ជាក់បន្ថែមថាមកដល់ពេលនេះក៏មានក្រុមហ៊ុនមួយចំនួនបាននិងកំពុងដាក់ឱ្យដំណើរការរោងចក្រផ្ដុំដំឡើងយានយន្តជាបន្តបន្ទាប់ ដូចជា ក្រុមហ៊ុន FORD (RMA), HYUNDAI, TOYOTA, និងក្រុមហ៊ុនមួយចំនួនទៀតបាននិងកំពុងគ្រោង បង្កើតរោងចក្រនៅកម្ពុជាផងដែរ។ ក្នុងនោះក្រុមហ៊ុន GTV Motor Co., Ltd ក៏បានបង្កើតនូវសមិទ្ធផលថ្មីសម្រាប់ជាតិ ដោយបានកំណត់ដាក់ឈ្មោះម៉ាកម៉ូដែលរថយន្តរបស់ក្រុមហ៊ុនជាសំនៀងភាសាខ្មែរនិងជួយបង្កើនទីផ្សារការងារដល់ប្រជាពលរដ្ឋ និងតម្លៃយានយន្តកាន់តែល្អប្រសើរជាងមុន។

ចំណែកឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គ នាយកក្រុមហ៊ុន GTV Motor ដែលជាម្ចាស់កម្មវិធីបានបង្ហាញពីកិត្យានុភាព ផលិត ផលរថយន្តជាតិជាប្រវត្តិសាស្ត្រ សម្រាប់ផ្គត់ផ្គង់ទី ផ្សារ រថយន្តជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងឈានដល់ការនាំ ចេញទៅទីផ្សារក្រៅប្រទេសនានា។លោកថា ការនេះនឹងជួយ ជំរុញដល់ការគាំទ្រផលិតផលជាតិ លើកស្ទួយសេដ្ឋកិច្ចជាតិ និងនវានុវត្តន៍ វិស័យឧស្សាហកម្មយាននៅយន្តកម្ពុជា។

សូមជម្រាបថា ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់បីក្រសួង ខាង លើ ក្នុងពិធីសម្ពោធនិងបើកបរ សាកល្បងរថយន្តរបស់ក្រុមហ៊ុន GTV Motor Co.,Ltd នៅ ឌឹ ព្រីមៀរ សែនសុខនៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៤៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner