ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានទំនួលខុសត្រូវខ្ពស់ ក្នុងការ អនុវត្តមុខងារវិស័យអប់រំ ដែលរាជរដ្ឋាភិបាលបានផ្ទេរមក

(បាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ពីវេទិកាអធិបតីនៃពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជននិងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំនៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏សម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌ ប្រមាណជាង៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ស្របពេលក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងមុខងារសាធារណៈក៏ត្រៀមផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនប្រមាណ ៦០.០០០នាក់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗជាអ្នកគ្រប់គ្រង និងចាត់ចែងផងដែរ ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ភាពជោគជ័យ នៃការអនុវត្តមុខងារដែលបានផ្ទេរទៅនេះ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងចាត់ចែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ពីព្រោះមុខងារដែលបានផ្ទេរមកនេះ គឺជា មុខងារជាកាតព្វកិច្ច ដែលមានន័យថា ចាំបាច់ត្រូវតែអនុវត្ត និងក៏ជាមុខងារដែលមានថវិកាប្រើប្រាស់ច្បាស់លាស់ ដោយមិនអាចបង្វែថវិកាទាំងនោះយកទៅប្រើប្រាស់ក្នុងវិស័យផ្សេងបានឡើយ។ ប្រសិនបើមានបញ្ហាប្រឈមណាមួយ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ពិគ្រោះយោបល់ ឬសុំយោបល់ពីមន្ទីរអប់រំ យុវជន និងកីឡា ឬមន្ទីរពាក់ព័ន្ធនានា ឬក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិដើម្បីជួយគាំទ្របន្ថែម ។

សម្រាប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជោគជ័យនៃការធ្វើវិមជ្ឈការវិស័យអប់រំ យុវជន និងកីឡា គឺជាផ្នែកនៃជោគជ័យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដ្បិតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ និងជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដែលទាមទារចាំបាច់បំផុត នូវការជំរុញ ពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ ចាប់ពីកម្រិតមូលដ្ឋានឡើងទៅ ។

រាជរដ្ឋាភិបាល បានអនុវត្តសាកល្បង និងដកបទពិសោធមុនគេនូវការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០២០មក ។ ផ្អែកតាមការសិក្សាវាយតម្លៃដោយក្រុមការងារអន្តរក្រសួង ធ្វើឡើងកាលពីឆ្នាំ២០២៣ បានបង្ហាញថាការអនុវត្តយន្តការមួយនេះ ទទួលបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ផ្អែកលើលទ្ធផល នៃការអនុវត្ដសាកល្បងនេះ រាជរដ្ឋាភិបាល បានសម្រេចពង្រីកការផ្ទេរនេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤ នេះតទៅតែម្ដង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner