ស្ត្រីប៉ាគីស្ថានត្រូវបានប្តីហាម មិនឲ្យទៅបោះឆ្នោត
អ៊ីស្លាម៉ាបាដ៖ ស្ត្រីៗ នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានស្វាមីរបស់ខ្លួន ហាមឃាត់ មិនឲ្យចូលរួមការបោះឆ្នោត។ ក្រៅពីស្វាមី អ្នកដែលហាមឃាត់ ក៏អាចជាឳពុក ឬ បងប្រុសផងដែរ។
ស្ត្រី វ័យ៦០ឆ្នាំម្នាក់បានរៀបរាប់ថា អ្នកស្រីចង់ចូលរួមបោះឆ្នោត នាពេលខាងមុខ ប៉ុន្តែលុះត្រាណា ទទួលបានការអនុញ្ញាតពីបុរសៗ នៅក្នុងក្រុមគ្រួសារ ជាមុនសិន។
អ្នកស្រី Naeem Kausir អះអាងថា នៅក្នុងភូមិ Dhurnal នៃរដ្ឋ Punjab ដែលជាតំបន់រស់នៅរបស់អ្នកស្រី នេះ គឺស្ត្រីទាំងអស់សុទ្ធតែត្រូវបានហាមឃាត់មិនឱ្យបោះឆ្នោត ដោយបុរសៗ ដែលមានវ័យចំណាស់ជាង។
«អ្នកដែលហាមឃាត់នោះ អាចជាប្តី ជាឪពុក ឬ បងប្រុស ឬក៏ជាកូនប្រុស ក៏មាន ដូច្នេះ ស្ត្រីៗខ្វះស្វ័យភាព ក្នុងការសម្រេចចិត្ត ដោយឯករាជ្យ» ។
ស្ត្រីមេម៉ាយ ដែលធ្លាប់ធ្វើជានាយកសាលា និងមានកូនស្រីប្រាំពីរនាក់ ដោយ៦នាក់បញ្ចប់ការសិក្សា នៅថ្នាក់ឧត្តមសិក្សារួចហើយ រូបនេះ បានប្រាប់ AFP ទៀតថា
«បុរសទាំងនេះខ្វះភាពក្លាហាន ក្នុងការផ្តល់សិទ្ធិដល់ស្ត្រី» ។
ទោះបីជា រដ្ឋធម្មនុញ្ញចែងថា ការបោះឆ្នោតជាសិទ្ធិ សម្រាប់មនុស្សពេញវ័យទាំងអស់ នៅក្នុងប្រទេសប៉ាគីស្ថានក៏ដោយ ក៏តំបន់ជនបទមួយចំនួនក្នុងប្រទេសអភិរក្សនិយមមួយនេះនៅតែគ្រប់គ្រងតាម «ប្រព័ន្ធបុព្វបុរស»។ ការណ៍នេះចង់សំដៅថា អ្នកចាស់ទុំក្នុងភូមិ ដែលជាបុរសៗ មានឥទ្ធិពល នៅក្នុងសហគមន៍របស់ពួកគេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅប៉ាគីស្ថានបានសង្កត់ធ្ងន់ថា ខ្លួនមានសិទ្ធិអំណាច ប្រកាសចាត់ទុកជាមោឃៈ សម្រាប់មណ្ឌលបោះឆ្នោតណាមួយ ដែលហាមឃាត់ស្ត្រី មិនឱ្យចូលរួម។ តែតាមការពិត ការអះអាងនេះ ហាក់មិនមានប្រិសទ្ធិភាព នៅខាងក្រៅទីប្រជុំជន ក្នុងនោះ ស្ត្រីរាប់លាននាក់នៅតែខកខាន មិនបានបោះឆ្នោត។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានគ្រោងនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី៨ ខែមករា ខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត