ត្រឹមតែជាង ២ខែ បុគ្គលស្វ័យនិយោជន៍ និងសមាជិកប.ស.ស. ក្នុងបន្ទុក ជាង ៧៤ម៉ឺននាក់ទៅទទួលសេវាព្យាបាលឥតគិតថ្លៃ
(ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងការពេញចិត្តចំពោះគោលនយោបាយ របស់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម)។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានមើលឃើញពីគុណប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់មានភាពលំនឹង ។
លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានសមាជិកគោលដៅសរុបចំនួន ១៣៥ ៣៤១នាក់ (ស្រី៨៣២ ៤៦នាក់) ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ១១៦ ០៧០នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៩២ ៧១នាក់ ។
អគ្គនាយករង ប.ស.ស រូបនេះបន្ថែមថា ដោយទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ការទៅទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាល និងវេជ្ជសាស្ត្រក៏មានច្រើនផងដែរ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិក ប.ស.ស បានទៅទទួលសេវាព្យបាលនៅមូលដ្ឋានសុខាភិបាល មានសរុបចំនួន ៧៤៥ ៧៦ករណី ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ៧៣១ ៨៤ករណី និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៣៩២ករណី ហើយបើគិតចំពោះការចំណាយទៅលើមូលដ្ឋានសុខាភិបាល វិញអស់ប្រមាណ ៣៥ម៉ឺនដុល្លារអាមេរិក ។
គួរបញ្ជាក់ថា ការចុះឈ្មោះជាសមាជិក ប.ស.ស ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានការបង់ភាគទានត្រឹមតែ ១៥៦០០រៀលប៉ុណ្ណោះក្នុងមួយខែ។ ប្រជាពលរដ្ឋជាសមាជិកនឹងទទួលបានការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលដៃគូរបស់បេឡាជាតិសន្តិសុខសង្គម ។
លោកហេង សុផាន់ណារិទ្ធ បានបញ្ជាក់ផងដែរថា សម្រាប់ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ បេឡាជាតិសន្តិសុខសង្គមនឹងពង្រីកវិសាលភាពទៅកាន់ប្រជាពលរដ្ឋចំនួន ៦៧ម៉ឺននាក់ក្នុងមួយឆ្នាំ គោលដៅចំបងទី១ចំនួន ៣លាននាក់ និងគោលដៅធំបំផុត ដើម្បីឈានដល់ការគ្របដណ្តប់លើសុខភាពជាសកលគឺចំនួន ៩លាននាក់៕
ដោយ ៖ វណ្ណលុក