គណបក្សប្រជាជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងឈ្មោះ ស៊ឹង សែនករុណា
គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិក និងគាំទ្រយ៉ាងពេញទំហឹង ចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លើឈ្មោះ ស៊ឹង សែនករុណា ភេទប្រុស កើត ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨២ មានអាសយដ្ឋានផ្ទះលេខ៣៧ស្ងួន ផ្លូវលេខ៣៥១ ភូមិដើមស្លែង១ សង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនា ទំលាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះ គណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹង ប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ»។
នៅបណ្តាប្រទេសលើពិភពលោកដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ គឺមិនអាច មិនអនុវត្តច្បាប់បានឡើយ ហើយប្រព័ន្ធតុលាការ គឺត្រូវតែមានដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ។ ដោយឡែក ចំពោះប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមិនអាចយកបញ្ហានយោបាយមកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ខ្លួនដែរ។ ជាក់ស្តែងការនិយាយមូលបង្កាច់បំផ្លើសការពិត លាបពណ៌ ធ្វើឱ្យប៉ះពាល់មុខមាត់ កិត្តិយស សេចក្តី ថ្លៃថ្នូររបស់បុគ្គល អ្នកនយោបាយ គណបក្សនយោបាយ មិនមែនជាសិទ្ធិបញ្ចេញមតិអនុញ្ញាតដោយច្បាប់នោះឡើយ។
ក្នុងនាមជាអ្នករងគ្រោះពីការប្រមាថមើលងាយ និងមួលបង្កាច់យ៉ាងអយុត្តិធម៌ពីបុគ្គល ស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះពាក្យបណ្តឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសំណូមពរឱ្យដោះស្រាយរកយុត្តិធម៌ឱ្យគណបក្សប្រជាជនកម្ពុជា ស្របតាមការទាមទាររបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន៕