នាយករដ្ឋមន្រ្តី៖ កិច្ចអន្តរាគមន៍ជំនួយសង្គមណាមួយ របស់ រាជរដ្ឋាភិបាល មិនមានចរិតជាអចិន្ត្រៃយ៍នោះទេ
ភ្នំពេញ៖ កិច្ចអន្តរាគមន៍ជំនួយសង្គមណាមួយរបស់រាជរដ្ឋាភិបាល មិនមាន ចរិតជាការជួយអចិន្ត្រៃយ៍នោះទេ ។ នេះជាការគូស បញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ពេលកន្លងទៅ មានមតិមួយចំនួន បានរិះគន់ រដ្ឋាភិបាលថា បាន ចំណាយ ថវិកាច្រើន ក្នុងកម្មវិធីជំនួយសង្គម ប៉ុន្តែមិន បានគិតបង្កើត កម្មវិធី ដែលផ្ដល់ភាពម្ចាស់ការដល់ប្រជាពលរដ្ឋ ពោលគឺ ផ្ដល់នូវកម្មវិធី ជួយបណ្តុះសមត្ថភាព ដែលអាចឱ្យពលរដ្ឋរកចំណូល បានដោយខ្លួន ឯង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍តបនឹង មតិរិះគន់ ខាង លើថា កិច្ចអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺផ្ដល់ ទៅលើ គ្រា មានអាសន្ន និងជួបការលំបាក។ ជាក់ស្ដែង ដូចនៅក្នុង អំឡុង ពេល កូវីដ១៩, ស្ត្រីមានផ្ទៃពោះ (កូនអាយុពីរឆ្នាំគឺចប់), មូលនិធិ សមធម៌ គឺជួយពេលគាត់លំបាក ពេលថ្ងៃក្រោយមានជីវភាពល្អ គឺត្រូវបញ្ចប់ ដោយមិនអាចជួយរហូតបាននោះទេ ។គឺយើងត្រូវយកថវិកាជួយអ្នក ផ្សេង ទៀត ។មិនអាចមានកម្មវិធីមួយណា អនុវត្តជួយមួយ ជីវិត នោះទេ។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានគិតគូរពីការ ជួយឲ្យប្រជាពលរដ្ឋ មានសមត្ថភាពរកចំណូលខ្លួនឯងផងដែរ។ ជាក់ស្តែង កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” និង “កម្មវិធី បណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”។ កម្មវិធីទាំងពីរនេះ គឺជាលើកម្ពស់ សុខុមាលភាពប្រជាជន ការបង្កើត ឱកាសទទួល បាន ការបណ្តុះ បណ្តាល ជំនាញ និងជាយុទ្ធសាស្ត្រគន្លឹះ ក្នុងការកាត់បន្ថយ ភាពក្រីក្រ ជូនប្រជាជន។
ក្នុងន័យនេះ សម្តេច សូមឱ្យអ្នករិះគន់ពិនិត្យមើលឡើងវិញថា ក្រៅពីកិច្ច អន្តរាគមន៍ជំនួយសង្គម រាជរដ្ឋាភិបាល ក៏មាន កម្មវិធី ផ្តល់ភាពម្ចាស់ការ ដល់ប្រជាពលរដ្ឋផងដែរ ខណ:កម្មវិធីជំនួយសង្គម ជាការត្រូវតែជួយ នៅក្នុងពេលលំបាក ហើយជួយធ្វើយ៉ាងណាដើម្បីទប់នូវការវិវត្តប្រែប្រួលជាកំហុក ជាអវិជ្ជមាន ដោយប្រការណាមួយ ដូចជាវិបត្តិកូវីដ១៩ សង្គ្រាមនៅក្រៅប្រទេស ដើម្បីជួយឲ្យប្រជាពលរដ្ឋ រឹងដៃរឹងជើង បង្កើតបរិស្ថានសុខសន្តិភាព ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដាក់ចេញគោលនយោបាយផ្សេងៗដើម្បីជំរុញការបង្កើតការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដើម្បីឲ្យគាត់ចូលទៅក្នុងនោះ។
សម្ដេចបន្ថែមថា ទាំងនេះ គឺជាកិច្ចការសំខាន់ ដែលបានដាក់ចេញនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយកិច្ចការនេះ ជាកិច្ចការ ចាំបាច់ ៕
ដោយ៖វណ្ណលុក