សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានដោះស្រាយបញ្ហាចំពោះមុខ និងបានអន្តរាគមជាច្រើនលើក ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងពេលកំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា បានដោះស្រាយបញ្ហាចំពោះមុខ និងបានអន្តរាគមជាច្រើនលើក ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងពេលកំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ដែលប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាក៏កំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្រ្តនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាច សង្រ្គាម ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាជរាភាព និងពិការភាពព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព សុខុមាលភាពរបស់ប្រជាជន។

ទន្ទឹមនោះ សម្តេច បានសង្កត់ធ្ងន់ថា ទោះយ៉ាងណា កម្ពុជាបានដោះស្រាយបញ្ហាចំពោះមុខ និងការអន្តរាគមន៍ជាច្រើនដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងកំឡុងពេលជួបវិបត្តិសាកលផ្ទួនៗកន្លងមក។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការដោះស្រាយបញ្ហាប្រឈមចំពោះស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន តាមរយៈការដាក់ចេញគោលនយោបាយជាច្រើនទៀតដើម្បីជួយដល់សង្គម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner