ស្តេច Charles III របស់ចក្រភពអង់គ្លេសមានជំងឺមហារីក
ឡុងដ៍៖ ព្រះបរមរាជវាំង Buckingham របស់អង់គ្លេសបាននិយាយ កាលពីថ្ងៃចន្ទថា ស្តេច Charles III ត្រូវបានគេធ្វើព្រះរោគវិនិច្ឆ័យបង្ហាញថា ទ្រង់មានជំងឺមហារីក ហើយពេលនេះ ទ្រង់បានសម្រាក ដើម្បីចាប់ផ្តើមទទួលការព្យាបាល។
ព្រះបរមរាជវាំងបានឲ្យដឹងទៀតថា ដំបូងឡើយ មន្ទីរពេទ្យដែលបានធ្វើព្រះរោគវិនិច្ឆ័យទ្រង់ជាទៀងទាត់បានបង្ហាញថា ទ្រង់មានការការរីកធំ នៃក្រពេញប្រូស្តាត។ ក្រៅពីនេះ ក៏មានបញ្ហាព្រះរាជសុខភាពគួរឲ្យព្រួយបារម្ភ ដាច់ដោយឡែកមួយទៀត ត្រូវបានកត់សម្គាល់ដែរ។ នៅពេលនោះ ទ្រង់ក៏ត្រូវបានធ្វើព្រះរោគវិនិច្ឆ័យ ជាបន្តបន្ទាប់ ក៏បានកំណត់អត្តសញ្ញាណឃើញពីទម្រង់ នៃជំងឺមហារីក។
ប្រភពបន្ថែមទៀតថា ទ្រង់បានចាប់ផ្តើមព្យាបាលហើយ ប៉ុន្តែដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទមហារីក ដែលបានរកឃើញ ឬ កម្រិតធ្ងន់ធ្ងរបែបណា នោះទេ។
ព្រះរាជវាំងបានបន្តថា «ព្រះមហាក្សត្រនៅតែមានភាពវិជ្ជមានទាំងស្រុង ហើយទ្រង់ទន្ទឹងរង់ចាំការយាងត្រឡប់មកបំពេញកាតព្វកិច្ចប្រទេសជាតិ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន» ។
ក៏ប៉ុន្តែ ទ្រង់ត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ឱ្យពន្យារពេលបំពេញភារកិច្ចសាធារណៈ ខណៈដែលការងារឯកសារផ្លូវការខ្លះៗ ទ្រង់នៅតែអាចបំពេញបាន ដូចធម្មតា។
គួរបញ្ជាក់ថា ស្តេច Charles III ដែលមានព្រះជន្ម ៧៥ព្រះវស្សាអង្គនេះ បានឡើងសោយរាជ្យ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺបន្ទាប់ពីការយាងសោយទីវង្គត់របស់ព្រះមាតា Elizabeth II ។ ដំណឹងអំពីជំងឺមហារីកនេះ ត្រូវបានប្រកាស ស្របពេលដែល ជាទូទៅ គេសង្កេតឃើញថា ទ្រង់មានសុខភាពល្អ ជាពិសេស ភាពជាសះស្បើយលឿន លើមុខរបួសដែលទ្រង់ធ្លាប់បានមាន ក្នុងពេលដែលទ្រង់ជិះប៉ូឡូ និងជិះស្គី នាពេលកន្លងមក។
ជាការកត់សម្គាល់ មេដឹកនាំពិភពលោកសំខាន់ៗបានផ្ញើសារថ្វាយព្រះពរទ្រង់ ផងដែរ។ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា «ពេលបានដឹងព័ត៌មាននេះភ្លាមៗ ខ្ញុំមានការព្រួយបារម្ភអំពីព្រះរាជសុខភាពរបស់ស្តេច Charles»។ រីឯលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកបានរៀបរាប់តាមបណ្តាញសង្គមថា «ព្រះមហាក្សត្រដ៏អស្ចារ្យ» និងពាក្យថា «ពួកយើងបន់ស្រន់ សូមឲ្យទ្រង់ ឆាបជាសះស្បើយ»។
ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានជូនពរទ្រង់ ឆាប់ជាសះស្បើយ និងបន្ថែមថា «ការគិតរបស់យើង ពេលនេះ គឺនៅជាមួយប្រជាជនអង់គ្លេស»។
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា រូបលោកនិងប្រទេសកាណាដា កំពុង «គិតអំពីស្តេច Charles III ដ៏រុងរឿង ក្នុងពេលដែលទ្រង់កំពុងទទួលការព្យាបាលជំងឺមហារីក»។
នាយករដ្ឋមន្ត្រី លោក Rishi Sunak បានសរសេរនៅលើបណ្តាញសង្គម X ថា «សូមជូនពរឱ្យព្រះអង្គទ្រង់បានជាសះស្បើយពេញលេញ និងឆាប់រហ័ស»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត