សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការជួយប្រជាពលរដ្ឋ គឺជាការជួយដល់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុកការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើងបានកាន់តែរីកចម្រើន តាមរយៈការឱ្យប្រជាពលរដ្ឋរបស់យើងកាន់តែរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។
សម្តេច ថា ប្រទេសកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ ប៉ុន្តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ គឺបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ