សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាក៏ដូចជាប្រទេសលើពិភពលោកបាននិងកំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្ត្រនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាចសង្គ្រាម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោក បាននិងកំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្ត្រនយោបាយ, ការប្រជែងឥទ្ធិពលរបស់មហាអំណាចសង្គ្រាម, ការប្រែប្រួលអាកាសធាតុ, ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន, ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជា ការសេពគ្រឿងញៀន, ការជួញដូរមនុស្ស,បញ្ហាជរាភាព និងពិការភាព ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតីមានប្រសាសន៍បន្តថា ទាំងនេះគឺសុទ្ធតែជាបញ្ហា និងជាក្តីកង្វល់ របស់យើងដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជន សំដៅសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាមួយចក្ខុវិស័យដែលជាក្តីស្រមៃរបស់ប្រជាជនកម្ពុជាគ្រប់រូប រាជរដ្ឋាភិបាលនីតិកាលទី៧ និងបន្តបន្ទាប់នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំព៌ាសង្គមនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីភាព ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner