ប្រលាយមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ត្រូវស្តារឡើងវិញ
(បន្ទាយមានជ័យ)៖ ប្រលាយទឹកមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវស្តារឡើងវិញជាក្តីសង្ឃឹមរប់សប្រជាកសិករ ។

ខណៈចុះពិនិត្យមើលការស្តារប្រលាយ នាល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានប្រាប់ឱ្យដឹងថា ការស្តារប្រលាយនេះ ស្ថិតនៅត្រង់ចំណុចខាងលិចវត្តអន្លង់ថ្ងាន ទៅដល់អូរគៀនក្រោល ចំណុច អន្លង់រាំង ដែលមានប្រវែង ៦៥០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ថ្ងានលិច ឃុំបត់ត្រង់ ស្តារដោយក្រសួងធនធានទឹក និងឧតុនិយម តាមរយៈមន្ទីរធនធានទឹក បានចាប់ផ្តើមអនុវត្តបានប្រមាណជាង ២០០ម៉ែត្រហើយ សម្រាប់ជួយស្រោចស្រពដំណាំស្រូវប្រាំងប្អូនប្រជាកសិករ នាឆ្នាំបន្ទាប់ ពីព្រោះស្រុកមង្គលបូរី ជាស្រុកមួយប្រឈមនឹងការខ្វះខាតទឹកស្ទើររៀងរាល់ឆ្នាំ ដោយសារបងប្អូនប្រជាកសិករធ្វើលើសផែនការ។

លោកបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការខួងអណ្តូងទឹក ដើម្បីជួយសង្គ្រោះស្រូវបងប្អូនប្រជាកសិករជាជម្រើសចុងក្រោយ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា ៖ នៅស្រុកមង្គលបូរី ប្រជាកសិករបានបង្កបង្កើនផលស្រូវប្រាំងលើកទី២ មានប្រមាណ ៣ម៉ឺនហិកតា លើសផែនការ ហើយកំពុងប្រឈមនិងការខ្វះទឹក។
លោកបានបញ្ជាក់ថា ដោយទទួលបានការណែនាំ និងបទបញ្ជាពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ក្រុមការងារបានបុកអណ្តូងចំនួន ៣គោលដៅ ដើម្បីសាកល្បងជួយសង្គ្រោះស្រូវបងប្អូនកសិករដែលកំពុងប្រឈមខ្វះខាតទឹកស្រោចស្រព និងបានស្តារប្រឡាយ និងអូរប្រវែង ២០គីឡូម៉ែត្រ ដែលជំហ៊ានដំបូង ធ្វើការស្តារនៅឃុំបត់ត្រង់ ប្រវែង ៦,៥០០ម៉ែត្រ ។

សូមបញ្ជាក់ដែលថា នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះបញ្ហាខ្វះខាតទឹក ក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ ខណៈបច្ចុប្បន្ន បណ្ដាស្រុកមួយចំនួនកំពុងប្រឈមជាមួយនឹងបញ្ហាខ្វះខាតទឹក ។ ជាក់ស្តែងនៅក្នុងស្រុកមង្គលបូរីប្រជាកសិករ ភាគច្រើនប្រកបរបរកសិកម្ម ធ្វើស្រែប្រាំង កំពុងតែប្រឈមជាមួយនឹងការខ្វះខាតទឹកជាបណ្តើរៗ។
ឯកឧត្តម ក៏បានចាត់ឱ្យមន្ទីរធនធានទឹក ត្រៀមម៉ាស៊ីនបូមទឹក បើក្នុងករណីមិនអាចជួយសង្គ្រោះស្រូវប្រជាកសិករបាន ត្រូវធ្វើការបូមទឹកពីស្ទឹងសិរីសោភ័ណ ទម្លាក់ចូលស្ទឹងមង្គលបូរី ដើម្បីជួយសង្គ្រោះស្រូវរបស់ពួកគាត់ទៅតាមលទ្ធភាព។ ជាពិសេសអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ រក្សាទឹក ទុកសម្រាប់ប្រើប្រាស់ ខណៈប៉ុន្មានខែខាងមុខបណ្តារស្រុកមួយចំនួនអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ៕
ដោយ៖ឃិន គន្ធា
